(ភ្នំពេញ)៖ Lynk & Co ដែលជាម៉ាកយីហោរថយន្តលំដាប់ខ្ពស់ និងល្បីល្បាញទូទាំពិភពលោក នឹងបើកដំណើរការនៅកម្ពុជា ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការធុរកិច្ច ក្នុងការនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តម៉ាក Lynk & Co នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការធុរកិច្ច ដែលធ្វើឡើងរវាងអ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Lynk & CoAutomotive (Cambodia) និង លោក Zhang Hongjun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន DSB។
រថយន្តម៉ាក Lynk & Coត្រូវបានបង្កើតឡើងនាឆ្នាំ២០១៦ ដោយកិច្ចសហការគ្នារវាង Geely Auto Group និង Volvo Cars Group ដែលត្រូវបានទទួលស្គាល់លើការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការរចនាបែបទាន់សម័យ សម្រាប់ប្រជាជនជំនាន់ថ្មី។
ការពង្រីកទីផ្សារមកកម្ពុជា ជាសក្ខីកម្មបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រថយន្តម៉ាក Lynk & Co ក្នុងការផ្ដល់ជូននូវរថយន្តលំដាប់ខ្ពស់ ដែលរួមបញ្ចូលវិស្វកម្មស៊ុយអែត ជាមួយនឹងការផលិតប្រកបដោយនវានុវត្តន៍។ កិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មនេះ បានធ្វើឱ្យ ក្រុមហ៊ុន Lynk & Co - Automotive (Cambodia) ក្លាយជាអ្នកនាំចូល និងចែកចាយផ្តាច់មុខ ទាំងរថយន្ត និងគ្រឿងបន្លាស់ ម៉ាក Lynk & Coតែមួយគត់នៅកម្ពុជា។
លោក Zhang Hongjun បានថ្លែងថា «យើងរីករាយណាស់ដែលបាននាំយក Lynk & Co មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាទីផ្សារមួយមានសក្តានុពលខ្ពស់ សម្រាប់ភាពស៊ីវិល័យ និងនវានុវត្តន៍ កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់ជូននូវដំណោះស្រាយ ដែលជារថយន្តទំនើប និងល្បីល្បាញក្នុងពិភពលោក ដើម្បីបង្កើនបទពិសោធន៍ថ្មីជាមួយបច្ចេកវិទ្យាទំនើបក្នុងការបើកបរសម្រាប់ប្រជាជនជំនាន់ថ្មីនៅកម្ពុជា»។
អ្នកឧកញ៉ា លី សុភ័ក្ត បានថ្លែងផងដែរថា «ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Lynk & Co Automotive (Cambodia) ខ្ញុំពិតជាមានមោទនៈភាពក្នុងការសហការនាំយករថយន្តទំនើប
បែបអ៊ឺរ៉ុប ដើម្បីបំពេញតម្រូវការដែលកំពុងវិវឌ្ឍន៍នៃទីផ្សារក្នុងស្រុករបស់យើង»។
ព្រឹត្តិការណ៍នេះគឺជាការចាប់ផ្តើមនៃយុគសម័យថ្មីសម្រាប់ឧស្សាហកម្មរថយន្តនៅកម្ពុជា។ បន្ទាប់ពីការចុះហត្ថលេខា ក្រុមហ៊ុន Lynk & Co Automotive (Cambodia) នឹងមានគម្រោងបញ្ចេញនូវរថយន្តម៉ូដែលដ៏គួរឱ្យទាក់ទាញ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងត្រូវប្រកាសនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ នៅឯសណ្ឋាគារ Sofitel Phokeethra Phnom Penh៕