(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកឡើងថា បើសិនជាអ៊ុយក្រែន យល់ព្រមក្នុងកិច្ចព្រមព្រៀងរ៉ែជាមួយអាមេរិក នឹងអាចមានសន្លឹកបៀល្អមួយ ក្នុងការចរចាជារុស្ស៊ី។ ការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធិ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
សម្រាប់លោក ម៉ារ យ៉ារិទ្ធិ ស្ថានភាពរបស់អ៊ុយក្រែននៅពេលបច្ចុប្បន្ននេះ គឺមិនមានជម្រើសមួយនាល្អប្រសើរជាងជម្រើសនេះឡើយ នៅក្នុងការចរចាជាមួយរុស្ស៊ី បើទោះជាកិច្ចព្រមព្រៀងនេះ ត្រូវបានអ៊ុយក្រែន ហៅថាជាកិច្ចព្រមព្រៀងចាប់ជំរិត និងផ្ដល់នូវតម្លៃយ៉ាងទាបលើធនធានរ៉ែកម្ររបស់អ៊ុយក្រែនក៏ដោយនោះ។
សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា សមភាគីអ៊ុយក្រែនរបស់លោក គឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងមានបញ្ហាធំប្រសិនបើលោកស្រាប់តែលែងចង់ចុះកិច្ចព្រមព្រៀង ដើម្បីឱ្យសហរដ្ឋអាមេរិកមានសិទ្ធិទទួលបានរ៉ែរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ ២០២៥។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖