(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងដំណាក់ប្រព័ន្ធផ្សព្វផ្សាយទំនើបបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានលឿន រហ័សជូនដល់ដៃប្រជាពលរដ្ឋ ត្រង់ចំណុចនេះក្រសួងបានរកឃើញក្រុមប្រឆាំងនៅក្រៅប្រទេសកំពុងតែប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដ៏សម្បូរបែបនេះ ដើម្បីបង្កើតនូវព័ត៌មានក្លែងក្លាយគ្រប់រូប ក្នុងចេតនាញុះញង់ បំភ្លៃការពិត គោលបំណងសំខាន់គឺបញ្ឆេះកំហឹងប្រជាពលរដ្ឋ ស្អប់ខ្ពើមជាតិសាសន៍ ទម្លាក់ជំនឿទុកចិត្តរបស់ពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលទាញឱ្យផ្ទុះបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ, លោករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងដំណាក់ប្រព័ន្ធផ្សព្វផ្សាយទំនើបបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មាន ជូនដល់ប្រជាពលរដ្ឋ ចំណុចនេះបានមើលឃើញពីភាពវិជ្ជាមាន ប៉ុន្តែ ទន្ទឹមនឹងនោះក៏បានមើលឃើញពីចំណុចអវិជ្ជមាននៃការប្រើប្រាស់បណ្តាញសង្គម គឺព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ នៅលាយឡំគ្នា ដែលបង្កើតឱ្យមានការយល់ច្រឡំ ក៏ដូចជាបង្កើតធ្វើឱ្យបញ្ហាផ្សព្វផ្សាយដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សង្គម វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ក៏ដូចជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរាជរដ្ឋាភិបាល។

ភ្ជាប់ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ បានឱ្យដឹថា ក្នុងឆ្នាំ២០២៤កន្លងទៅ ក្រសួងព័ត៌មានរកឃើញថាមានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយចំនួនជាង ៣,៦៥១ព័ត៌មាន ត្រូវបានកត់សម្គាល់ ចន្លោះពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៤ គឺប្រែប្រួលពី ៣២០៨ព័ត៌មាន មក ៣,៦៥១ព័ត៌មាន គឺមានកំណើនប្រមាណជា ១៤ភាគរយ នៃព័ត៌មានក្លែងក្លាយ។ ជម្រាបថាព័ត៌មានក្លែងក្លាយដែលយើងបានកត់សម្គាល់ ក្នុងរបាយការណ៍ប្រចាំថ្ងៃ គឺយើងមិនបានធ្វើគ្រប់វិស័យនោះទេ ប៉ុន្តែ ក្រុមការងារបានផ្តោតសំខាន់ទៅលើវិស័យពាក់ព័ន្ធនឹងសន្តិភាព សន្តិសុខជាតិ សន្តិសុខសាធារណៈ ការដឹកនាំរបស់រដ្ឋាភិបាល ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ និងបញ្ហាផ្សេងៗដែលនាំឱ្យចលាចលសង្គម​ ឬ៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា៖ «បើសិនជាយើងមើលអំពីកម្រិតនៃព័ត៌មានក្លែងក្លាយ ដែលកើតឡើងជារៀងរាល់ថ្ងៃ ដោយមិនគិតពីវិស័យសំខាន់ៗ គឺមានច្រើន តែអ្វីដែលយើងបានកត់សម្គាល់ គឺចន្លោះពី ៣២០៨ នៅឆ្នាំ២០២៣ ៣,៦៥១ព័ត៌មាន នៅឆ្នាំ២០២៤​ គឺសុទ្ធសឹងតែពាក់ព័ន្ធនឹងអាយុជីវិតជាតិរបស់យើង ពាក់ព័ន្ធនឹងជំនឿទុកចិត្តប្រជាជនមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយអ្វីដែលយើងកត់សម្គាល់ ស្ថានភាពនៃការបង្កើតព័ត៌មានក្លែងក្លាយ គឺច្រើនតែពីក្រុមជនអគតិមួយចំនួនដែលនៅខាងក្រៅប្រទេស បង្កើតព័ត៌មានក្លែងក្លាយឡើង ដើម្បីញុះញង់ បំភ្លៃ បំភ្លើស បំភាន់ ដើម្បីធ្វើយ៉ាងណាបញ្ឆេះកំហឹងប្រជាពលរដ្ឋ បង្កើតឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ ទម្លាក់ជំនឿទុកចិត្តរបស់ពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយអ្វីដែលជាចរិកពិតប្រាកដនៃការបង្កើតព័ត៌មានក្លែងក្លាយពីមួយថ្ងៃទៅមួយរបស់ក្រុមប្រឆាំង គឺពួកគេចង់បញ្ឆេះកំហឹងពលរដ្ឋ ហើយទាញឱ្យមានការផ្ទុះនៃបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល តែម្តង ដូចអ្វីដែលគេបានប្រើប្រាស់នៅតាមបណ្តាប្រទេសផ្សេងៗ ដោយប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម»។

បើតាមលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ការបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នេះ​ គឺក្រុមប្រឆាំងយកគំរូតាមការផ្ដួលរំលំរបបដឹកនាំនៅតាមបណ្ដាប្រទេសផ្សេងៗកាលពីពេលកន្លងមក ដែលក្រុមប្រឆាំងជ្រុលនិយមយកបណ្ដាញផ្សព្វផ្សាយសង្គមដូចជា៖ Facebook, Tiktok ជាដើមដោយបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបំភ្លៃ បំភ្លើស និងបំភ័ន្តការពិតសម្រាប់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយបែកចែកជា៣ប្រភេទសំខាន់ៗរួមមាន៖

*ទី១៖ ព័ត៌មានក្លែងបន្លំ (Disinformation) ប្រភេទព័ត៌មានមិនពិតដែលបានបង្កើតឡើង ហើយយកទៅផ្សព្វផ្សាយ ឬចែកចាយ ដោយចេតនា ដើម្បីបំភាន់ ឬបោកប្រាស់សាធារណជន ក្នុង គោលបំណងបង្កផលប៉ះពាល់ដល់ជនណាម្នាក់ អង្គការណាមួយ ឬប្រទេសណាមួយ។
*ទី២៖​ព័ត៌មានបំភ្លៃ (Malinformation) ប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេកែច្នៃពី ព័ត៌មានពិត ហើយត្រូវបានគេយកមកផ្សព្វផ្សាយ ឬចែកចាយក្នុងចេតនាធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ កិត្តិយសបុគ្គល អង្គការ ស្ថាប័ន ឬប្រទេសណាមួយ។
និងទី៣៖ ព័ត៌មានភាន់ច្រឡំ (Misinformation) ប្រភេទព័ត៌មានមិនពិតដែលត្រូវបានគេផ្សព្វផ្សាយ ឬចែករំលែកតៗគ្នាដោយចេតនាឬអចេតនាធ្វើឱ្យមាន ការយល់ច្រឡំ ហើយជួនកាលអ្នកចែករំលែកមិនដឹង ច្បាស់ពីប្រភពនៃព័ត៌មានដែលខ្លួនទទួលបានដោយ គ្មានបំណងធ្វើឱ្យខូចខាត ឬប៉ះពាល់ផលប្រយោជន៍ បុគ្គល ស្ថាប័ន ឬប្រទេសណាមួយឡើយ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរម្លឹកដោយចំៗថា កាលពីឆ្នាំពី២០២៤កន្លងទៅ ក្រុមប្រឆាំងជ្រុលនិយមបានបង្កើតព័ត៌មានក្លែងបន្លំ និងបំភ្លៃ មានចរិតបំផ្លាញសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ញុះញង់ឱ្យបះបោរឱ្យតវ៉ា ដូចជាករណីបំភ្លៃ និងក្លែងបន្លំព័ត៌មានលើ CLV-DTA ដែលកាលណោះក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានថា រដ្ឋាភិបាលកម្ពុជា កាត់ដី៤ខេត្ត ក្នុងកិច្ចសហប្រតិបត្តិការ​ CLV-DTA ទៅឱ្យប្រទេសជិតខាងធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ មកលើរដ្ឋាភិបាល រៀបចំធ្វើបដិវត្តន៍ពណ៌ក្រោមរូបភាពបាតុកម្មជាដើម។

លោក នេត្រ ភក្ត្រា លើកឡើងថា ជាមួយនិន្នាការនៃការប្រើប្រាស់បណ្ដាញកាន់តែកើនឡើង ការបង្កើតព័ត៌មានក្លែងក្លាយឡើង គឺកាន់តែមានភាពពិសពុល បង្កប់គំនិតទុច្ចរិត ដើម្បីបម្រើរបៀបវារៈនយោបាយរបស់ខ្លួន តាមរយៈការបំភ្លៃការពិតពីប្រទេសកម្ពុជា ការផ្សព្វផ្សាយព័ត៌មានផ្សេងៗដើម្បីធ្វើឱ្យពលរដ្ឋយល់ច្រឡំ គិតខុសលើរដ្ឋាភិបាលចំពោះរដ្ឋាភិបាលកម្ពុជា។

លោក នេត្រ ភក្ត្រា បានអះអាងថា​ ដោយមើលឃើញពីភាពកាចសាហាវនៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមជ្រុលនិយម ទើបក្រសួងព័ត៌មានសម្រេចរៀបចំយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយឡើង ដើម្បីកាត់បន្ថយចំនួនព័ត៌មានក្លែងក្លាយឱ្យបានតិចបំផុត ហើយឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហរព័ត៌មាននៅក្នុងសង្គមព័ត៌មានកម្ពុជាឱ្យអស់ ដើម្បីធានាឱ្យសន្តិសុខព័ត៌មានតាមរយៈការធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ និងគុណភាពព័ត៌មានដែលបញ្ជូនទៅប្រជាពលរដ្ឋ និងសុវត្ថិភាពព័ត៌មានសម្រាប់ពលរដ្ឋប្រើប្រាស់៕