(បន្ទាយមានជ័យ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យជាខេត្តទី១៨ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
ពិធីនេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណនៃសួនតេជោ ឈ្នះ ឈ្នះ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, សមាជិកព្រឹទ្ធិសភា, ក្រុមប្រឹក្សាខេត្ត, អភិបាលរង នៃគណៈអភិបាលខេត្ត, ក្រុមការងារ PWG, តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ១,៤៥០នាក់។
តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក អ៊ុំ រាត្រី បានបង្ហាញអំពីស្ថានភាពទឹកស្អាត និងអនាម័យក្នុងខេត្តបន្ទាយមានជ័យ ដោយខេត្តបែងចែកចេញជា ២ក្រុង និង ៧ស្រុក មានចំនួន ៥៥ឃុំ និង១២សង្កាត់ មានភូមិចំនួន ៦៦៤ភូមិ មានប្រជាជនចំនួន ២០១,៣៨១គ្រួសារ ក្នុងនោះខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧០,២៩៩ខ្នងផ្ទះ ស្មើនឹង១០០% ខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន ១៦៣,០៤៩ខ្នងផ្ទះ ស្មើនឹង ៩៥,៧៤%, ខ្នងផ្ទះប្រើបង្គន់រួមចំនួន ៧,២៥០ខ្នងផ្ទះ ស្មើនឹង ៤,២៦% ដោយឡែក ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិដែលសម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន ២ក្រុង ៧ស្រុក ស្មើនឹង១០០%, ៦៧ឃុំ សង្កាត់ ស្មើនឹង ១០០%, ៦៦៨ភូមិ ស្មើនឹង១០០%។
ជាមួយគ្នានេះ លោក នី សុផារ៉ាន នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកអន្ដរជាតិប្រចាំនៅកម្ពុជា និងជាតំណាងអង្គការដៃគូអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា បានមានចំណាប់អារម្មណ៍ ដោយបានបង្ហាញពីលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការល្អ រវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយអង្គការ និងដៃគូអភិវឌ្ឍន៍នានា។
លោកបានបន្តថា ជាពិសេសអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា និងអាជ្ញាធរមូលដ្ឋានដែលបានចូលរួមយ៉ាងសកម្ម រហូតធ្វើឱ្យខេត្តបន្ទាយមានជ័យសម្រេចបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ខេត្ត ODF) នៅថ្ងៃនេះ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងចំណាប់អារម្មណ៍រួចមក, លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
លោក បានមានប្រសាសន៍បន្តថា ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព, ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។
លោក បានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus នាពេលដ៏ខ្លីខាងមុខ។
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ «សុខសន្តិភាព» ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោក បានជម្រាបជូនអង្គពិធីនូវយុទ្ធសាស្ដ្រទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងចក្ខុវិស័យច្បាស់លាស់គឺ «កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»។
ពាក់ព័ន្ធនឹងកម្មវិធីទឹកស្អាត និងអនាម័យ លោករដ្ឋមន្រ្ដី បានបញ្ជាក់ជូនថានាពេលបច្ចុប្បន្នក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។
សូមជម្រាបថា គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៨ហើយ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល ODF និង ODF+៕