(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា នៅពេលដែលប្រជាពលរដ្ឋទទួលបានព័ត៌មានពិត ត្រឹមត្រូវ មិនមែនជាព័ត៌មានក្លែងក្លាយ ពីព្រោះព័ត៌មានពិត និងត្រឹមត្រូវនឹងធ្វើឱ្យប្រជាពលរដ្ឋសម្រេចចិត្តត្រឹមត្រូវ ព័ត៌មានពិតនឹងធ្វើឱ្យប្រជាពលរដ្ឋគិតគូរ និងពិចារណា ដោយឈរនៅលើមូលដ្ឋានត្រឹមត្រូវ។ ដូច្នេះ វិធានការដ៏មានប្រសិទ្ធភាពបំផុត ប្រឆាំងព័ត៌មានក្លែងក្លាយ គឺការផ្សព្វផ្សាយការពិតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ និងកុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយរីកសាយភាយដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្ត និងការយល់ច្រឡំរបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល។
ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំធ្វើសន្និសីទសារព័ត៌មានស្តីពី យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» "Say No to Fake News" នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញ នៅមណ្ឌលបណ្តុះបណ្តាល និងវិក្រិតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមយកព័ត៌មានពីបណ្តាស្ថាប័ន អង្គភាពសារព័ត៌មានជាច្រើន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ «ព័ត៌មានដែលប្រជាពលរដ្ឋប្រើប្រាស់ គឺត្រូវតែជាព័ត៌មាន ដែលពិត ត្រឹមត្រូវ មិនមែនជាព័ត៌មានក្លែងក្លាយ ពីព្រោះព័ត៌មានពិត និងត្រឹមត្រូវនឹងធ្វើឱ្យប្រជាពលរដ្ឋសម្រេចចិត្តត្រឹមត្រូវ ព័ត៌មានពិតនឹងធ្វើឱ្យប្រជាពលរដ្ឋគិតគូរ និងពិចារណា ដោយឈរនៅលើមូលដ្ឋានត្រឹមត្រូវ»។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន ចាំបាច់ត្រូវតែពង្រឹងវិធានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះ នៅពេលដែលមានការផលិតព័ត៌មានក្លែងក្លាយច្រើន ធ្វើឱ្យប្រជាពលរដ្ឋហាក់ដូចជាពុលនឹងអ្វីដែលជាការផ្សព្វផ្សាយជារួម ហើយធ្វើឱ្យប្រជាពលរដ្ឋបាត់បង់នូវជំនឿទុកចិត្តទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ត្រង់ចំណុចនេះ អ្វីដែលជាការចោទសួរនៅជុំវិញប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺសំណួរថា តើអ្វីជាព័ត៌មានពិត ឬក៏ក្លែងក្លាយ? ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់មួយផ្នែកនៃជំនឿទុកចិត្តនៃការផ្សព្វផ្សាយព័ត៌មាន។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ការរៀបចំយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» "Say No to Fake News" គឺដើម្បីស្តារ និងកសាងនូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ហើយផ្តល់តែព័ត៌មានពិត និងមានគុណភាពជូនដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានប្រើប្រាស់។
«វិធានការដ៏មានប្រសិទ្ធភាពបំផុត ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ គឺការផ្សព្វផ្សាយការពិតឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់កុំឱ្យព័ត៌មានក្លែងក្លាយ ដឹកមុខយើង ឬក៏កុំទុកឱកាសឱ្យព័ត៌មានក្លែងក្លាយរីកសាយភាយដែលធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្ត និងការយល់ច្រឡំរបស់ប្រជាពលរដ្ឋ អ៊ឹចឹងហើយបានជាវិធានការដែលមានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺត្រូវតែការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការផលិត ឬចែកចាយព័ត៌មានក្លែងក្លាយ គឺបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ យើងរួមគ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ។ ព័ត៌មានក្លែងក្លាយបង្កហានិភ័យធ្ងន់ធ្ងរដល់សង្គមជាតិ បង្កជាជម្លោះ អំពើហិង្សា ការរើសអើង ការស្អប់ខ្ពើមជាតិសាសន៍ ធ្វើឱ្យមានការប្រកាន់បក្សពួក ភាពភ័យខ្លាច អសណ្តាប់ធ្នាប់សង្គម និងនយោបាយ បំផ្លាញសន្តិភាព ដែលបន្ទុចបង្អាក់ដល់ ការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងប៉ះពាល់ ដល់ទំនាក់ទំនងការទូត។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជម្រាបជូនថា ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បានតាមដានជាប្រចាំទៅលើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដោយនៅឆ្នាំ២០២៣ បានកត់សម្គាល់ឃើញថា មានព័ត៌មានក្លែងក្លាយ មានចំនួន ៣,២០៨ ហើយនៅឆ្នាំ២០២៤ កន្លងទៅនេះ មានព័ត៌មានក្លែងក្លាយចំនួន ៣,៦៥១ គឺមានកំណើនកើនឡើង ១៤% នៃព័ត៌មានក្លែងក្លាយ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយដែលក្រុមការងារបានកត់សម្គាល់នៅក្នុងរបាយការណ៍ប្រចាំថ្ងៃគឺមិនបានធ្វើទូទៅគ្រប់វិស័យទាំងអស់នោះទេ តែផ្តោតលើវិស័យសំខាន់ៗ ទាក់ទងជាមួយសន្តិភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធការដឹកនាំរបស់រាជរដ្ឋាភិបាល និងទាក់ទងបញ្ហាសំខាន់ជាច្រើនទៀត។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រាបជូនដែរថា ចំណុចសំខាន់ៗត្រូវធ្វើក្នុងករណីសង្ស័យថាជា ព័ត៌មានក្លែងក្លាយ គឺត្រូវពិនិត្យមើលប្រភពព័ត៌មាន មើលកាលបរិច្ឆេទ មើលអត្តសញ្ញាណ ស្ថាប័ន ឬគណនីដែលផ្សព្វផ្សាយព័ត៌មាននោះ ហើយក៏ត្រូវពិនិត្យមើលថា តើមានសារព័ត៌មានវិជ្ជាជីវៈដទៃ ទៀតចុះផ្សាយដែរឬទេ៕