(ពោធិ៍សាត់)៖ លោក​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសការរុករានទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ជាពិសេសចូលរួមអភិរក្ស «ស្រះបាញ់ដង» ឈានទៅប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនា ស្វែងយល់ពីប្រវត្តិសាស្ត្រ ធនធានធម្មជាតិ និងជីវៈចម្រុះ ដែលមានក្នុងស្រះនេះ។

លោកអភិបាលខេត្ត បានជំរុញបែបនេះ នាឱកាសចុះពិនិត្យជាក់ស្តែង លើទីតាំងស្រះបាញ់ដង (ស្រះបុរាណប្រវត្តិសាស្ត្រ) នៅលើកំពូលភ្នំព្រៃសហគមន៍ក្រវាញ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ស្ថិតក្នុងភូមិកណ្តាល ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ឃុំអូរសោម ស្រុកវាលវែង គឺជាឃុំមួយដែលមានសក្តានុពលល្អខ្លាំងជាងគេ លើបណ្តាឃុំសង្កាត់ដ៏ទៃទៀត ក្នុងខេត្តពោធិ៍សាត់។ ពីអតីតកាលឃុំអូរសោម បើទោះបីស្ថិតនៅលើខ្នងភ្នំ ហើយគ្មានផ្លូវឡើងទៅ​យ៉ាង​​ណាក្តី តែក៏មានជនជាតិដើមភាគតិចតាំងទីលំនៅ និងរស់នៅទីនោះ​តាំង​ពីយូរលង់ណាស់មកហើយ។ លុះក្រោយមកដោយសារដីតំបន់នោះមាន​អំណោយផលខ្ពស់ សម្រាប់ការធ្វើចម្ការ ក៏មានប្រជាពលរដ្ឋពីតំបន់នានា ធ្វើចំណាកស្រុកទៅរស់នៅទីតាំងនោះផងដែរ។ ការរស់នៅរបស់ប្រជាពលរដ្ឋលើខ្នងភ្នំ ក្នុងឃុំអូរសោម ជួបការលំបាកជា​ខ្លាំង ព្រោះគ្មានផ្លូវសម្រាប់ធ្វើដំណើរ គ្មានបណ្តាញទឹក បណ្តាញអគ្គិសនី ​សាលា​រៀន មណ្ឌលសុខភាព និងគ្មានហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់ការរស់នៅ​របស់ប្រជាពលរដ្ឋ។

លោកបន្តថា ក្រោយពេលរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចសាងសង់ផ្លូវជាតិលេខ១០ឡើង បូករួមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត មានដូចជា​ផ្លូវ​​បេតុងក្នុងឃុំក៏បានស្ថាបនានាបណ្តើរៗដែរនោះ គេសង្កេតឃើញថា ទេសចរបានចាប់ចិត្តដិតអារម្មណ៍ លើទឹកដីធម្មជាតិដ៏ស្រសង់បំព្រង មានអាកាសធាតុត្រជាក់ ខ្យល់អាកាសបរិសុទ្ធ និងបានមកលេងជាហូរហែរមិនដែលដាច់ ព្រមទាំងបានជួយកែប្រែជីវភាពរបស់ប្រជាពល​រដ្ឋ​នៅក្នុង​ឃុំអូរសោមទាំងមូល បានល្អប្រសើរជាងមុន។

ជាការពិតណាស់ថា សក្តានុពលឃុំអូរសោម ស្រុកវាលវែង គឺមានទេសចរណ៍ដ៏សម្បូរបែប មានទាំងទឹកធ្លាក់ ទស្សនាសត្វក្រពើភ្នំ កសិដ្ឋានបន្លែ អាងទឹកទំនប់វារីអគ្គិសនីដ៏ធំ ស្ពានដែលមានរយៈកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា នេះមិនទាន់រាប់បញ្ជូនទីតាំងផ្សេងៗទៀត ដែលមានសក្តានុពលនៅឡើយ។ លោកបញ្ជាក់បន្ថែមថា ជាក់ស្តែងដូចទីតាំងស្រះបាញ់ដងនេះ គឺជាស្រះបុរាណប្រវត្តិសាស្ត្រ ទាមទារដាច់ខាតត្រូវការពារ និងអភិរក្ស ជាប្រយោជន៍ដល់សហគមន៍ និងប្រជាពលរដ្ឋឃុំអូរសោមទាំងមូល។

ទាក់ទងទៅនឹងប្រវត្តិស្រះបាក់ដងនេះ លោក សុខ បឿន ជនជាតិដើមភាគតិចជង និងជាចាស់ព្រឹទ្ធាចារ្យ រស់នៅឃុំអូរសោម ស្រុកវាលវែង បានឱ្យដឹងថា៖ ស្រះនេះគឺជាស្រះបុរាណមួយ មានរាងជារង្វង់មូល លើកំពូលភ្នំ ក្នុងព្រៃសហគមន៍ក្រវាញ លាតសន្ធឹងលើផ្ទៃដីប្រមាណ៧ហិកតា ដែលពោរពេញទៅដោយឈ្លើង អន្ទង់ កង្កែប គីង្គក់ ពើក ចក កក់...។ ដើមឡើយ ស្រះនេះត្រូវបានបងប្អូនជនជាតិដើមជង ដងទឹកនេះទៅប្រើប្រាស់ ហើយសត្វព្រៃ និងសត្វស្លាបចម្រុះ ក៏រស់នៅប្រើប្រាស់ក្បែរៗស្រះនេះផងដែរ។

លោក សុខ បឿន ជាចាស់ព្រឹទ្ធាចារ្យបានគូសបញ្ជាក់ថា កាលពីយូរលង់ណាស់មកហើយ មានរឿងតំណាលតៗគ្នាមកថា ស្រះបាញ់ដងនេះ គឺជាស្រះរបស់យក្សា ដែលត្រូវបានយក្សកកាយ ដើម្បីចិញ្ចឹមឈ្លើងឦន្ធគិត និងមានមេឈ្លើងយក្សធំៗ ចំនួន២ក្បាល។ ពេលស្រះនេះពេញ ទឹកបានហូរធ្លាក់ចុះមកក្រោម តាមទិសតូចធំទាំង៨ ហើយឈ្លើងក៏បានហូរចុះតាម បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាបន់ស្រន់ និងធ្វើពិធីបែបសាសនាជនជាតិដើមភាគតិច ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងបរវៀសចៀសឆ្ងាយ ពីរោគាព្យាធិទាំងឡាយទាំងពួង។

កាលបន្តនោះ មានព្រានព្រៃ៧នាក់ មកពីទីឆ្ងាយ បានចូលមកបរបាញ់សត្វក្បែរស្រះនេះ និងបានចុះដងទឹក ក៏ប្រទះឃើញមេឈ្លើងយក្ស ចំនួន២ក្បាល ហើយត្រូវបានមេឈ្លើងយក្សនោះ ខាំលេបត្របាក់បណ្តាលស្លាប់បន្តៗគ្នា នៅសល់ម្នាក់ត្រឡប់ទៅផ្ទះវិញ ប្រាក់គេប្រាប់ឯង និងប្រាប់ចាស់ព្រឹទ្ធាចារ្យ កុំឱ្យទៅស្រះនេះឱ្យសោះ។ ក្រោយមក អ្នកចម្ងាយទាំងនោះនៅមិនអស់ចិត្ត និងមានចម្ងល់ ក៏បានបន្តនាំគ្នាមក ពោលគឺមកម្នាក់ ស្លាប់ម្នាក់ មកពីរនាក់ ស្លាប់ពីរនាក់ ហើយពេលនោះមានព្រានម្នាក់ មានកាំភ្លើងច្នៃបាញ់ដង មានព្រួញ លាបថ្នាំពុលស័ក្តិសិទ្ធ បាញ់ត្រូវឈ្លើងយក្សមួយក្បាល ប្រកាច់ស្លាប់ៗភ្លាម និងមួយក្បាលទៀត កាយរន្ធគេចចេញទៅខាងជើងបាត់ស្រមោល និងត្រូវបានអ្នកភូមិតំណាលហៅតៗគ្នាថា «ស្រះបាញ់ដង» ចាប់ពីពេលនោះតទៅ។

ក្នុងនាមចាស់ព្រឹទ្ធាចារ្យ ក្នុងឃុំអូរសោម លោក សុខ បឿន ក៏សូមថ្លែងអំណរគុណ ចំពោះលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានគិតគូរអភិរក្ស និងគ្រោងរៀបចំ «ស្រះបាញ់ដង» ជាទីតាំងទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនា ស្វែងយល់ពីប្រវត្តិសាស្ត្រ ធនធានធម្មជាតិ និងជីវៈចម្រុះ ដែលមានក្នុងស្រះនេះផងដែរ។ ជាមួយគ្នានោះ លោកសូមអំពាវនាវដល់បងបងប្អូនប្រជាពលរដ្ឋ សូមកុំចូលកាប់រុករាន និងបរបាញ់សត្វនៅតំបន់នេះ ដោយរួមគ្នាអភិរក្ស ជាប្រយោជន៍របស់យើងទាំងអស់គ្នា៕