(ភ្នំពេញ)៖ លោក Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីថ្ងៃ គិតចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។

ដំណើរទស្សនកិច្ចផ្លូវការនេះ តបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។ ក្នុងអំឡុងទស្សនកិច្ច លោក Bendito dos Santos Freitas នឹងចូលជួបសម្តែង ការគួរសមចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ រដ្ឋមន្ត្រី Bendito dos Santos Freitas នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីរិះរកវិធីសាស្ត្រថ្មីៗសម្រាប់ពង្រឹង និងពង្រីកបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានផលប្រយោជន៍រួម។

ទស្សនកិច្ចខាងមុខរបស់ លោក Bendito dos Santos Freitas នឹងបញ្ជាក់ពីការ ប្តេជ្ញាចិត្តនៃប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនទាំងពីរ។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥កន្លងទៅ សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានចុះអនុស្សរណៈជាមួយប្រទេសកម្ពុជា ស្ដីពីអនុស្សរណៈនៃការយោគយល់ ក្នុងគោលបំណងផ្ដោតទៅលើកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍបចេ្ចកទេស និងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗចំនួន ៤ រួមមាន ១៖ វិស័យប្រៃសណីយ៍ ២៖ វិស័យទូរគមនាគមន៍ ៣៖ វិស័យបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ និង៤៖ ការផ្លាស់ប្តូរ បទពិសោធគ្នាទៅវិញទៅមកនៃការធ្វើបរិវត្តកម្មឌីជថល៕