(ភ្នំពេញ)៖ ក្រុមការងារសារមន្ទីរអាមេរិក ឈ្មោះថា Smithsonian បាននិងកំពុងទស្សនកិច្ចនៅកម្ពុជា ចំនួន ៩ថ្ងៃ ដើម្បីសិក្សារៀបចំគម្រោងតាំងពិព័រណ៍រូបចម្លាក់កោះកេរ។ ទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។

នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ម្សិលមិញ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនប្រតិភូក្រុមការងារសារមន្ទីរ Smithsonian ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តការលើវិស័យវប្បធម៌ ជាពិសេសការងារបេតិកភណ្ឌ នៅទីស្តីការក្រសួង។

លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សារៀបចំគម្រោងតាំងពិព័រណ៍រូបចម្លាក់កោះកេរ ហើយក្រុមការងារ បានធ្វើទស្សនកិច្ចនៅតាមសារមន្ទីរមួយចំនួន នៅរាជធានីភ្នំពេញ និងបន្តធ្វើទស្សនកិច្ចនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌសំខាន់ៗជាច្រើនទៀត នៅខេត្តកំពង់ធំ សៀមរាប និងព្រះវិហារ៕