(កំពង់ធំ)៖ ក្រោមការចង្អុលបង្ហាញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងក្រោមការគាំទ្រពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំ បានចាប់ផ្តើមដឹកនាំអនុវត្តជាជំហានៗ ជាមួយការប្រមូលកៀរគរកម្លាំងសរុប និងមធ្យោបាយសរុបពីគ្រប់មជ្ឈដ្ឋាននូវ «យុទ្ធនាការបំពាក់ បង្គោលភ្លើងសូឡា នៅតាមដងផ្លូវជាតិលេខ៦» នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពីព្រំប្រទល់ខេត្តកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តសៀមរាប ប្រវែងសរុប ១៤៤ គីឡូម៉ែត្រ ឱ្យបានរួចរាល់ទាំងស្រុង នៅត្រឹមដំណាច់ឆ្នាំ២០២៦ ខាងមុខ។

អភិបាលខេត្តកំពង់ធំលោក នួន ផារ័ត្ន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ បានចាត់ទុកថា គម្រោងដ៏ធំនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធានាភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅពេលមេឃងងឹត និងចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ៦ ព្រមទាំងដើម្បីពង្រឹងការងារសន្តិសុខផងដែរ៕