(ភ្នំពេញ)៖ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការអប់រំផ្សព្វផ្សាយសាធារណជនឱ្យបានយល់អំពីអ្វីទៅដែលជាព័ត៌មានក្លែងក្លាយ ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ និងវិធានការការពារខ្លួន គឺជាបេសកកម្មដ៏សំខាន់ និងមិនដើរថយក្រោយជាដាច់ របស់ក្រសួងពព័ត៌មាន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការផ្តល់ព័ត៌មានពិតកាន់តែច្រើន គឺធ្វើឱ្យប្រជាពលរដ្ឋ កាន់តែមានជំនឿទុកចិត្ត ការផ្តល់ព័ត៌មានពិតកាន់តែច្រើនគឺធ្វើឱ្យប្រជាជនមានការយល់ដឹងនោះវានឹងសម្លាប់នូវព័ត៌មានក្លែងក្លាយ ហើយអ្នកបង្កើតព័ត៌មានក្លែងក្លាយនឹងអស់តម្លៃខ្លួនឯង អស់អ្នកមើល អស់អ្នកគាំទ្រ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ស្នើដល់សាធារណជនទូទៅ អ្នកសារព័ត៌មាន អ្នកផលិតមាតិកាពិសេសយុវជន សូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយទាំងឡាយ តាមរយៈការផ្សព្វព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធឌីជីថល។ រាល់ពេលប្រើបណ្តាញសង្គម ត្រូវគិតដល់គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដែលអាចកើតឡើង។
ការថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News» នៅព្រឹថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ នៅថ្នាក់ដឹកនាំក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មាន រាជធានី ខេត្ត ទាំង២៥ ថ្នាក់ដឹកនាំសមាគមសារព័ត៌មាន និស្សិតមកពី DMC និងតាមប្រព័ន្ធវីដេអូ Zoom មានអភិបាលរងរាជធានី ខេត្តទទួលបន្ទុកព័ត៌មាន សមាជិកអ្នកនាំពាក្យរាជធានី ខេត្ត និងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន ប្រមាណ ១,០០០នាក់, លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងយ៉ាងដូច្នេះថា៖ «ការអប់រំសាធារណជន ឱ្យយល់ពីអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ ផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ នឹងផ្តល់នូវវិធានការការពារខ្លួន គឺជាកិច្ចការងារដែលយើងនឹងធ្វើជាបន្តបន្ទាប់ទៅមុខ»។
លោក នេត្រ ភក្ត្រា បានថ្លែងថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ធ្វើឡើងផ្តោតជាសំខាន់ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលកំពុងជ្រៀតចូលលើបណ្ដាញទំនាក់ ទំនងសង្គម TikTok Facebook និងប្រព័ន្ធផ្សព្វផ្សាយទំនើបជាច្រើនផ្សេងទៀត។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយនៅកម្ពុជា ភាគច្រើនគឺកើតចេញពីក្រុមជនអគតិមួយចំនួននៅក្រៅប្រទេស ដែលមានចរិតញុះញង់ បំភ្លៃ បំភាន់ និងបំផ្លើស ហើយចរិតឬក៏គោលបំណងក្នុងការបង្កើតព័ត៌មានក្លែងក្លាយទាំងឡាយ គឺធ្វើយ៉ាងណាបញ្ឆេះកំហឹងប្រជាជន ដើម្បីធ្វើយ៉ាងណាបង្កើតឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ ក៏ដូចជាការរើសអើង ហើយទម្លាក់ជំនឿទុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបញ្ជាក់ថា៖ «ព័ត៌មានក្លែងក្លាយបង្កប៉ះពាល់ខ្លាំង បើទោះបីយើងមើលទៅហាក់ដូចជាមិនសូវសំខាន់ ប៉ុន្តែព័ត៌មានក្លែងក្លាយនេះបានកំពុងបំផ្លាញសង្គមរបស់យើង បើសិនជាយើងមិនមានវិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ទេ។ ព័ត៌មានក្លែងក្លាយបានបំផ្លាញជំនឿទុកចិត្តរបស់ប្រជាជនចំពោះអាជ្ញាធរ ចំពោះអ្នកពាក់ព័ន្ធ ក្រសួង ស្ថាប័ននានា។ ព័ត៌មានក្លែងក្លាយនឹងធ្វើឱ្យប្រជាពលរដ្ឋសម្រេចចិត្តខុស ដែលទាំងអស់នេះហើយ បានជះផលអាក្រក់ដល់សង្គមរបស់យើង»។
រដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to Fake News» សំដៅធានាឱ្យបាននូវសុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រលប្រាស់ និងធានាសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មាននេះ គឺក្រសួងព័ត៌មាន ផ្តោតជាសំខាន់ចំនួន៣ ទី១៖ ធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ, ទី២៖ គុណភាពព័ត៌មាន ផ្តល់ជូនប្រជាពលរដ្ឋ និងទី៣៖ សុវត្ថិភាពព័ត៌មានសម្រាប់ប្រជាជនប្រើប្រាស់ ហើយកិច្ចការងារទាំងនេះ គឺជាការរួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម។
ក្រសួងនឹងបង្កើនការសហការជាមួយអង្គភាពព័ត៌មាន អ្នកមានឥទ្ធិពលនៅក្នុងបណ្តាញសង្គម និងអ្នកផលិតមាតិកាព័ត៌មានផ្សេងៗទៀត ដើម្បីផ្តល់ព័ត៌មានពិត និងត្រឹមត្រូវ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសហការគ្នាក្នុងការផ្តល់នូវមេរៀនជាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ជូនទៅដល់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ចំពោះសន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរ ខណៈក្រសួងព័ត៌មាន បានកសាងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដោយរួមគ្នាពង្រឹងប្រសិទ្ធភាព គុណភាពព័ត៌មាន និងសន្តិសុខព័ត៌មាន ចងជាបណ្តាញដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលបរិបទបច្ចេកវិទ្យាឌីជីថល (AI) ធ្វើយ៉ាងណាផ្តល់ពព័ត៌មានពិត ត្រឹមត្រូវ ធ្វើយ៉ាងណាកាត់បន្ថយព័ត៌មានក្លែងក្លាយ៕