(កំពង់ចាម)៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ មានរៀបចំកម្មវិធីនៃការយល់ដឹងពី ប្រពៃណីទំនៀមទម្លាប់បុណ្យឆេងម៉េង។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានគូសរំលេចថា ជារៀងរាល់ឆ្នាំ នៅក្នុងពេលនៃពិធីបុណ្យឆេងម៉េង ប្រជាជនកម្ពុជាកាត់សែស្រឡាយចិន បានទទួលបន្ត នូវមរតកនៃអរិយធម៌អេកូឡូស៊ី ដែលបានរំលេចពីកិច្ចកសាងសហគមន៍រួមជីវិត ដូចជាការបោសសម្អាតផ្នូរ ការដាំដើមឈើ ការបង្ហោះខ្លែង ការបង្កើតកម្មវិធីសុខភាព និងកម្មវិធីនានាទាក់ទងនឹងការលើកកម្ពស់បៃតងភាព។ ដោយឡែកឆ្នាំនេះ សមាគមក៏បានបញ្ជ្រាបពីពិធីបុណ្យឆេងម៉េងនេះ ដោយបានបញ្ចូលពីគំនិតនវានុវត្តនៃការអភិវឌ្ឍបៃតង តាមរយៈបទបង្ហាញស្តីពីរថយន្តអគ្គិសនី BVD បន្ថែមពីលើសកម្មភាពបរិស្ថាននានាដែលបានរៀបរាប់ខាងលើផងដែរ។

លោក ង៉ូវរីន ហាប៉ូនីកា អភិបាលរងស្រុកជើងព្រៃ និងជាអតីតនាយកវិទ្យាល័យ ហ៊ុនសែន ស្គន់ បានជម្រាបថា តាមរយៈបទបង្ហាញនាថ្ងៃនេះ គណៈគ្រប់គ្រង សិស្សានុសិស្ស និងអាណាព្យាបាលបានយល់កាន់តែច្រើនពីកិច្ចការពារបរិស្ថាន និងសមិទ្ធផលជាច្រើនដែលប្រទេសចិនសម្រេចបាន ក្រោមស្លាកនៃទិវាជាតិអរិយធម៌អេកូឡូស៊ី។

លោកក៏បានសាទរនឹងផលិតផលរថយន្តអគ្គិសនី BVD ដែលបានលក់ក្នុងបរិមាណដ៏ច្រើនលើសលុប ជួយយ៉ាងច្រើនដល់ចំណែក នៃកិច្ចបង្កើនសម្រស់បៃតងភាពដល់ផែនដី ដែលជាផ្ទះរួមរបស់យើងទាំងអស់គ្នា។ លោកក៏បានថ្លែងអំណរគុណដល់លោក Liu Wenzhi ប្រធានការិយាល័យមូលនិធិចិន PEACELAND ប្រចាំកម្ពុជាដែលបានផ្តល់ដបទឹកអ៊ីណុក ចំនួន២០ រួមចំណែកដល់ការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិកនៅក្នុងវិទ្យាល័យ។

លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានថ្លែងថា កិច្ចកសាងសហគមន៍រួមជីវិតនៅក្នុងអរិយធម៌ចិន មានអាយុកាលជាង២៧០០ឆ្នាំ ដោយបានលើកកម្ពស់ការថែរក្សាបរិស្ថាន ដូចជាការថែរក្សាកែវនេត្រារបស់ខ្លួន។ លោកក៏បានរំលេចថា ការផ្សារភ្ជាប់ជាមួយបរិស្ថានក្នុងពេលបុណ្យឆេងម៉េង បានក្លាយជាចលករ ដល់ក្រុមការងារ មកដាំដើមផ្ការំដួលនៅក្នុងវិទ្យាល័យនេះ ហើយលោកបានបញ្ជាក់ថា ដើមផ្ការំដួលមិនត្រឹមតំណាងផ្កាជាតិ របស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំង អាចស្រូបកាបូនឌីអុកស៊ីតបាន ២១គីឡូក្រាម ក្នុងមួយឆ្នាំទៀតផង។ លោកសង្ឃឹមថា ដើមផ្ការរំដួលនាថ្ងៃនេះ ប្រាកដជាចាក់ឫសយ៉ាងជ្រៅ និងរឹងមាំដូចការជឿទុកចិត្តគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា។

ក្រោយពីស្តាប់បទបង្ហាញនេះ អង្គពិធីទាំងមូលយល់ស្របគ្នាថា ប្រជាជនចិនបានរួមចំណែកដល់កិច្ចបង្កើនអរិយធម៌អេកូឡូស៊ី ប្រៀបដូចជាការថែរក្សាកែវនេត្រាទាំងគូរបស់ខ្លួនដូច្នោះដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន