(កណ្តាល)៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនជាតិចិន១នាក់ និងរឹបអូសបានថ្នាំជិត ៦គីឡូក្រាម នៅភូមិសាស្ត្រខេត្តកណ្តាល។

ការបង្ក្រាបនេះ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និង ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលពីលោក ខា ផែនណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយបានស្រាវជ្រាវតាមជំនាញបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន១នាក់ ជាជនជាតិចិន ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់ ៥គីឡូ ៩៧៦ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល តាមនីតិវិធី។
សូមជម្រាបថា កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ ដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។ មន្ទីរប្រឆាំងគ្រឿងញៀន តែងតែបង្ក្រាបបានបទល្មើសគ្រឿងធំៗជាច្រើនករណី និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជនជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕