(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅបន្តរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈការពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំ។

លោក អ៊ុន ចាន់ដា បានថ្លែងថា ឈរលើកត្តាសុខសន្តិភាព និងស្ថេរភាពសង្គមរបស់កម្ពុជា ប្រកបដោយភាពរឹងមាំជាប្រព័ន្ធ យើងត្រូវតែជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចបានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើតភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាពនៅ ក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលនៅក្នុងនោះ «ស្រ្តី គឺជាស្នូល»។

អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការលើកកម្ពស់គុណតម្លៃស្ត្រី តាមរយៈការពង្រឹងសមត្ថភាពស្ត្រីឲ្យក្លាយជាអ្នកដឹកនាំតាមក្រសួង ស្ថាប័នថ្នាក់ជាតិ រួមមាន៖ ស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ព្រមទាំងបង្កើនការយកចិត្តទុកដាក់អភិវឌ្ឍន៍ធនធានស្ត្រី ក្នុងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច និងវិស័យសង្គមកិច្ចជាដើម សំដៅធានា និងឆ្លើយតបទៅនឹងសាកលភាវូបនីយកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។

ជាមួយគ្នានេះ នៅរដ្ឋបាលថ្នាក់ក្រោមជាតិក៏មានចំនួនស្ត្រីកាន់តែច្រើន មានឱកាសកាន់តំណែង ជាអភិបាលខេត្ត អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ សមាជិកាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងស្ត្រីជាថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គភាពរបស់រដ្ឋ និងតាមរយៈសកម្មភាពរបស់ស្ត្រី បានចូលរួមប្រកួតប្រជែងប្រកបដោយនវានុវត្តន៍ក្នុងទីផ្សារការងារឯកជន ដោយសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរបរិបទ បច្ចេកវិទ្យាទំនើប ប្រែក្លាយខ្លួនជា សហគ្រិនភាព ឫបុគ្គលិកឆ្នើមក្នុងស្ថាប័ន ដើម្បីចូលរួមរក្សាកំណើនសេដ្ឋកិច្ចជាតិផងដែរ៕