(ព្រះវិហារ)៖ លោក យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋា​ន នាំថវិកា សម្ភាររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះដោយសារផ្ទុះមីនតោន​ពេលកំពុងភ្ជួរដី នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​។​

នៅក្នុងឱកាសនោះ ​លោក យុង គឹមហ៊ាន បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងសម្រែងនូវការចូលរួមមរណៈយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពជនរងគ្រោះ ដែលបានបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់ ក្នុងឧបត្តិហេតុផ្ទុះមីន។ ​លោកបានថ្លែងលើកទឹកចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ សូមកុំមានការអស់សង្ឃឹម ត្រូវតាំងចិត្តតាំងស្មារតីឱ្យរឹងមាំ ដើម្បីក្រុមគ្រួសារ និងកូនចៅតទៅទៀត។​

ថវិកា និងសម្ភាររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនាំយកទៅចូលរួមរំលែកទុក្ខនាពេលនេះរួមមាន៖ ថវិកាចំនួន៥លានរៀល និងគ្រឿងឧបភោគ​បរិភោគមួយចំនួនធំទៀត។​

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានករណីត្រាក់ទ័រភ្ជួរដីដាំដំឡូងជាន់លើមីនតោនបណ្តាលឱ្យផ្ទុះកក្រើកឡើង ក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត បណ្តាលឱ្យត្រាក់ទ័ររងការខូតខាតស្ទើរទាំងស្រុង  និងរងរបួសធ្ងន់អ្នកបើកបរម្នាក់ ឈ្មោះ វន វុន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចារ ឃុំកន្ទួត ស្រុកជាំក្សាន្ត។

​ភ្លាមនោះៗជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអគ្គ ហៅ មន្ទីរពេទ្យសម្តេចអគ្គមហាសេនាបតីតេ ហ៊ុន សែន នៅឃុំស្រអែម និងបានបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ តែដោយរបួសធ្ងន់ធ្ងរជនរងគ្រោះបានស្លាប់ ពុំអាចជួយសង្រ្គោះបាន៕