(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដោយបានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត រួមជាមួយលោកស្រី អនុប្រធាន និងសមាជិកាកិត្តិយស គណៈកម្មការសាខា នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ នៅគេហដ្ឋានផ្ទាល់របស់លោក បានជួបសំណេះសំណាល និងចែកអំណោយ ជូនដល់ជនចាស់ជរាគ្មានទីពឹង និងគ្រួសារក្រី ជាអ្នកភូមិផងរបងជាមួយ រស់នៅក្នុងភូមិប្រឡាយធំ និងភូមិវាល ឃុំវាល ស្រុកកណ្តៀង ចំនួន១៥០នាក់ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនាពេលខាងមុខ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២០គីឡូក្រាម, សំពត់ស៊ឹង១, ស្ករស១គីឡូក្រាម, សាប៊ូបោកខោអាវ ឬសាប៊ូលាងចាន១ដប, ចានស្រាក់-បំពង់ទឹកក្តៅ-ចង្ក្រានហ្គាស-ខ្ទះឆា ឬចានដែក១ និងថវិកា២ម៉ឺនរៀល។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ដែលឈានចូលមកដល់នាពេលខាងមុខនេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដោយបានការចូលរួម ពីសប្បុរសជន និងព្រះគ្រូចៅអធិការវត្តព្រែកស្តី បានអញ្ជើញលោកតា លោកយាយ មានវ័យចំណាស់គ្មានទីពឹង និងគ្រួសារក្រីក្រ ដែលជួបកង្វះខាតស្បៀង ក្នុងភូមិប្រឡាយធំ និងភូមិវាល ឃុំវាល ស្រុកកណ្តៀង ចំនួន១៥០នាក់ ធ្វើការចែកជូនវត្ថុកំដរដៃ សម្រាប់ទទួលទាន និងបានប្រើប្រាស់ ដែលសកម្មភាពនេះតែងតែធ្វើជាបន្តបន្ទាប់ និងគ្រប់ទីកន្លែង។

លោកបានថ្លែងថា អំណោយទាំងនេះ គឺភរិយារបស់លោក បានរៀបចំផ្ទាល់ខ្លួន និងដោយបានការចូលរួមពីលោកស្រី នួន ស៊ុនលី (ជាម៉ៅ) ម្ចាស់សិប្បកម្មផលិតទឹកកកអនាម័យពោធិ៍សាត់ បានឧបត្ថម្ភអង្ករ១តោន និងព្រះតេជគុណ នូវ សុគន្ធថៃ (លោកតាហួ) ព្រះគ្រូចៅអធិការវត្តហង្សាបីតិ ហៅវត្តព្រែកស្តី បានផ្តល់សម្ភារប្រើប្រាស់មួយចំនួន ក្នុងគោលបំណងចែករំលែកនូវក្តីស្រលាញ់ ជូនដល់ក្រុមគ្រួសារជាញាតិភូមិផងរបងជាមួយ។

លោកបានផ្តាំផ្ញើដល់លោកតា លោកយាយ បន្តយកចិត្តទុកដាក់ ក្នុងការថែរក្សាសុខភាពឱ្យបានល្អ ដោយត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត បើមានបញ្ហាប្រឈមអ្វីមួយ ត្រូវទំនាក់ជាមួយអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីធ្វើការឆ្លើយតប។ ជាមួយគ្នានោះ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាន ក្នុងភូមិឋាន ទីសាធារណៈ និងត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ «បើមានសំរាម ផ្ទះគ្មានរាសី គ្មានយាអ៊ុន»។ ស្របពេលថ្មីៗនេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃដល់ខេត្តពោធិ៍សាត់ ដែលគ្មានសំរាម តាមដងផ្លូវជាតិលខ៥ ដែរនេះជាមោទកភាពខ្ពស់សម្រាប់ខេត្តរបស់យើង។

តាមរយៈនេះដែរ លោកសូមបានសំណូមពរដល់លោកតា លោកយាយ ជួយជម្រុញ និងផ្សព្វផ្សាយទៅដល់កូនចៅ បងប្អូន កូនក្មួយ ត្រូវបង្កើនការប្រុងប្រយ័ត្ន អំពីករណីគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ដែលនាំមកនូវការបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរក្នុងគ្រួសារ និងសង្គមជាតិ។

ពិតណាស់ លោកតាលោកយាយ បានដឹងមកហើយថា រាល់ពេលយើងមានទុក្ខលំបាក គឺមានតែសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់របស់យើងប៉ុណ្ណោះ តែងតែរួមសុខរួមទុក្ខ និងរួមដោះស្រាយគ្រប់ពេលវេលាទាំងអស់ ដោយមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ និងសូមជូនពរ លោកតាលោកយាយទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ៗគ្នា៕