(ភ្នំពេញ)៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដោយមានការចូលពី លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប។
កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈសំខាន់ៗមួយចំនួន រួមមានការប្រកាសសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែងតាំងថ្មី របាយការណ៍វឌ្ឍនភាពការងាររបស់គណៈកម្មាធិការកណ្តាល សមាគមបុគ្គលិកសាធារណការ និងដឹកជញ្ជូន និង
លទ្ធផលសន្និសីទសកលថ្នាក់រដ្ឋមន្ត្រីស្ដីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោកលើកទី៤ នៅទីក្រុង Marrakesh ប្រទេសម៉ារ៉ុក ព្រមទាំងការងារចាំបាច់មួយចំនួន ដែលក្រសួងបានដាក់ចេញជាទិសដៅសម្រាប់ការអនុវត្តនៅឆ្នាំនេះ។
ថ្លែងក្នុងអង្គពិធីលោករដ្ឋមន្រ្តី បានអបអរសាទរដល់ អស់លោក លោកស្រី ដែលទើបទទួលបានការតែងតាំងថ្មី និងជំរុញឱ្យបន្តនូវកិច្ចខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ដើម្បីនាំយកសមិទ្ធផលថ្មីៗជូនក្រសួង និងប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនេះលោករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋាន និងអង្គភាពទាំងអស់ ព្រមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត ដែលបានបន្តចូលរួមអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម សំដៅសម្រេចឱ្យបាននូវលទ្ធផលការងារថ្មីៗ សម្រាប់ឆ្នាំ២០២៥ និងជំរុញឱ្យបន្តរួបរួមគ្នាខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីសម្រេចទិសដៅការងាររួមរបស់ក្រសួង និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្រ្តី ក៏បានជូនពរដល់ថ្នាក់ដឹកនាំក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលរួមដល់នៅក្នុងពេលដ៏ខ្លីខាងមុខនេះ សូមឱ្យជួបប្រទះតែសេចក្តីសុខ និងសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕