(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៧១៨នាក់។
ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកពីអនុស្សាវរីយ៍ពីការចុះជួបមន្ត្រីនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យនាពេលកន្លងមក ហើយក៏បានថ្លែងអំណរគុណដល់មន្រ្តីសុខភិបាលគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ច ផ្តល់សេវាដល់ប្រជាជន ដែលការខិតខំនេះបានក្លាយជាថាមពលជួយឱ្យថ្នាក់ដឹកនាំស្ថាប័ន កាន់តែមានទឹកចិត្តក្នុងការដឹកនាំ និងគ្រាំទ្រដល់ការងារក្នុងវិស័យសុខាភិបាលបន្តទៀត។
ការលើកឡើងនេះ ក៏ជាការឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍ ពីការឈានឆ្ពោះទៅសម្រេចបានការធ្វើទំនើបកម្មក្នុងវិស័យសុខាភិបាល និងបន្តខិតខំបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ជាកិច្ចបន្ត លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបន្តធ្វើបទបាឋកថាលើប្រធាន «រូបធាតុនិយមបដិសំយោគនៃ វិចារវិទ្យាសម្ភារៈនិយម» ដោយលើកជាឧទាហរណ៍ទាក់ទងនឹងការដោះស្រាយបញ្ហានៃផ្តល់សេវាថែទាំនិងព្យាបាល ដែលកើតឡើងដដែលៗ។
លោកសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ឲ្យប្រើប្រាស់ទស្សនៈវិជ្ចាសម្រាប់ដោះស្រាយបញ្ហា ក្នុងគោលបំណងរកឲ្យបានដំណោះស្រាយមួយដែលមានភាពសាមញ្ញ តែជាដំណោះស្រាយដែលល្អបំផុត (Simple But the Best) នៅក្នុងកាល និងលំហរ៕