(ភ្នំពេញ)៖ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Royal Group International Company ត្រូវជាកូនប្រុស អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឧបត្ថម្ភថវិកា ចំនួន ១,០៩៩,៩៩៩ ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីល្បាញល្បីមួយរូបនៅកម្ពុជា ដោយកន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា, ហើយសម្រាប់ថ្ងៃនេះ កូនប្រុសរបស់លោកទាំងពីរ គឺឧកញ៉ា គិត ស៊ូឡា ក៏បានដើរតាមគន្លងឪពុកម្ដាយដ៏គំរូ បន្ដចូលរួមជួយសង្គមជាតិ និងប្រជាជនកម្ពុជា។
សូមជម្រាបថា កន្លងមក អ្នកឧកញ៉ា គិត ម៉េង និងគ្រួសារ ក៏បានចូលរួមឧបត្ថម្ភថវិកាជួយដល់រាជរដ្ឋាភិបាលយ៉ាងច្រើន ដូចជាចូលរួមបរិច្ចាគថវិកា ដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ជួយចូលរួមឧបត្ថម្ភថវិកាដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគដី១កន្លែង តម្លៃជាង៨លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA) ជួយដល់ជនរងគ្រោះក្នុងករណី រលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប, ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយថវិកាដល់សមាគមន៍ស៊ីក្លូ, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត៕