(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការទីស្នាក់ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅផ្សារទំនើបអ៉ីអនម៉ល មានជ័យ (អ៉ីអន៣) ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ បន្ថែមលើអ្វីដែលធ្លាប់អនុវត្តផ្ដល់សេវាជូនពលរដ្ឋកន្លងមក។

ពិធីសម្ពោធដាក់ឲ្យដំណើរការនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អង្គភាពចំណុះក្រសួង និងមន្ដ្រីរាជការជាច្រើនរូបទៀត។

ចំពោះពេលវេលាផ្តល់សេវាពីម៉ោង ៩៖០០ព្រឹក ដល់ម៉ោង ០៤៖០០ល្ងាច-ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ)។

ទីតាំងផ្តល់សេវា ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងផ្តល់សេវាលិខិតឆ្លងដែន ជាន់ទី៣ ផ្សារទំនើបអ៊ីអនម៉ល មានជ័យ (អីអន៣) មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ១២៣៥៣ (កូដប្រៃសណីយ៍)។

លេខទូរស័ព្ទ៖ ០៧៧ ៥១៧ ៧៧៦ (ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ) ០១១ ៥៨២ ២៧៧ (ទីស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន)។

សូមជម្រាបថា បច្ចុប្បន្ននេះទីតាំងផ្តល់សេវាលិខិតឆ្លងដែនសរុបចំនួន៦ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ, សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីនអន២សែនសុខ, សាខាលិខិតឆ្លងដែនខេត្តបាត់ដំបង, ខេត្តកោះកុង, ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។

ដោយឡែកចំពោះទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានផ្តល់នៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ, នៅផ្សារទំនើបអ៊ីអន២ ព្រមទាំងមាននៅតាមប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋអាចទៅស្នើសុំបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ៕