(ស្វាយរៀង)៖ លោកនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី ៦ ខែមេសាឆ្នាំ២០២៥ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ស្ថិតនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
កិច្ចប្រជុំនេះមានការចូលរួមពី ប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា លោកអភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុក លោកមេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោក លោកស្រីមេឃុំចៅសង្កាត់ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨០ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធជាច្រេីនរូបទៀត។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដ៏ល្អប្រសើរ គួរជាទីមោទនៈ ដែលគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ សម្រេចបានក្នុងឆ្នាំ២០២៤កន្លងមកនេះ ដែលជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងកិច្ចសហការល្អពីគ្រប់សមាសភាពពាក់ព័ន្ធ ជាកម្លាំងសរុប ក្នុងការបម្រើផលប្រយោជន៍ សេចក្ដី ត្រូវការ និងការរីកចម្រើនក្នុងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋរបស់យើង។
លោកបន្តថា កន្លងមកនេះពុំមានបងប្អូនគ្រួសារអតីតយុទ្ធជនយើងណាម្នាក់ជួបប្រទះនូវការលំបាក ហើយមិនទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយពីសមាគមអតីតយុទ្ធជនរបស់យើងនោះឡើយ ទន្ទឹមនេះ មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ លំដាប់ថ្នាក់របស់យើង គឺពិតជាបានខិតខំយកចិត្តទុកដាក់ណាស់ ក្នុងការដោះស្រាយបញ្ហាសំណើ សំណូមពររបស់បងប្អូនអតីតយុទ្ធជន ទាំងក្នុងក្របខ័ណ្ឌជីវភាពរស់នៅ និងការអនុវត្ត ក្របខ័ណ្ឌគោលនយោបាយផ្សេងៗ ជាពិសេសក្នុងការពង្រឹងប្រសិទ្ធភាពនៃនីតិវិធី នៃការបើកផ្ដល់ថវិកាបេឡាមរណៈសង្រ្គោះ ប្រាក់របបសន្តិសុខសង្គមប្រចាំខែ និងប្រាក់របបឧបត្ថម្ភផ្សេងៗ ជូនអតីតយុទ្ធជន បានទាន់ពេលវេលា។
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើង ដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។
បន្ថែមលើសពីនេះ លោកទេសរដ្ឋមន្ត្រី គន់ គីមបានថ្លែងថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែង បានចុះជួបផ្ទាល់ ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យ ទទួល បាននូវ អត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។
ទន្ទឹមនោះ លោកបានផ្តាំផ្ញើឲ្យលោក លោកស្រី មេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និង លោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ៕