(ភ្នំពេញ)៖ ក្រោយត្រូវបានលើកលែងទោស លោក សម សេរី អតីតប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស បានអរគុណសម្តេចតេជោ ហ៊ុន សែន និងថ្លែងថា ចាប់ពីពេលនេះទៅ ប្រទេសខ្មែរលែងមានវិបត្តិនយោបាយទៀតហើយ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ សម សេរី ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស លើសំណុំរឿងចំនួន ៦ករណី។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។
Facebook លោក សម សេរី បានបញ្ជាក់ថា «ខ្ញុំបាទ សម សេរី ពិតជារំភើបរីករាយឥតឧប្បមានៅថ្ងៃនេះ ដែលទទួលបានលើកលែងទោសជាផ្លូវការដោយប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គសេនាបតី ហ៊ុន សែន ជាព្រិទ្ធាចារ្យ ស្រឡាញ់ប្រទេសជាតិ និងសន្តិភាព ទឹកចិត្តប្រកបដោយគុណធម៌សណ្តោសប្រណីលើកលែងទោសដល់រូបខ្ញុំនិងសមាជិក»។
លោកបានបន្តថា «ក្នុងឱកាសនេះខ្ញុំសូមអរគុណដល់ប្រទេសដាណឺម៉ាក EU ,US,UK,និងមិត្តភក្រអន្តរជាតិទាំងអស់ដែលបានជួយនិងគាំទ្ររូបខ្ញុំ សម សេរី ជាពិសេសបងប្អូនខ្មែរ ដែលបានគាំទ្រកន្លងមក។ ចាប់ពីពេលនេះទៅប្រទេសខ្មែរលែងមានវិបត្តិនយោបាយ ទៀតហើយ និងមានសុខសន្តិភាព រីកចម្រើនជាលំដាប់»។
សូមជម្រាបថា លោក សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលកំពុងរស់នៅប្រទេសដាណឺម៉ាក បានប្រកាសរំលាយ រណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលខ្លួនបានបង្កើតឡើង និងបានផ្ញើលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
លោក សម សេរី គឺជាមេដឹកនាំក្រុមមួយដែលរស់នៅក្រៅប្រទេស ហើយតែងតែធ្វើចលនាប្រឆាំងរាជរដ្ឋាភិបាលខ្មែរ ជាច្រើនឆ្នាំកន្លងមក។ នាពេលកន្លងទៅក្រុមរបស់លោក សម សេរី មួយចំនួនក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទប៉ុនប៉ងធ្វើភេរវកម្មផងដែរ៕