(កណ្ដាល)៖ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងពិធីប្រគេន និងប្រគល់វិញ្ញាបនបត្រដល់សមណនិស្សិត និស្សិតជំនាន់ទី២ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន៤០០នាក់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ដែលស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ពិធីនេះ មានការនិមន្ត និងអញ្ជើញចូលរួមដោយ ព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សាស្ត្រាចារ្យ សាមណនិស្សិត និងនិស្សិត សរុបជាង២៤០០អង្គ/នាក់។

ក្នុងរបាយការណ៍ លោកបណ្ឌិត តឹក មេង សាកលវិទ្យាធិការរងនៃ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានរៀបរាប់ថា ការបង្កើតសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្ដមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅ ដើម្បីផ្ដល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូបបានបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រដោយមិនតម្រូវឱ្យបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្ដល់ជូននិស្សិតនូវអាហារូបករណ៍១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ការសិក្សា។

លោកបណ្ឌិតសាកលវិទ្យាធិការរង បានបន្ថែមថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទទួលបានការឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយការដឹកនាំកសាងសមិទ្ធផលនានាជាមួយពុទ្ធបរិស័ទ ដោយសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា​ សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្ថាបនិក និងជាសាកលវិទ្យាធិការនៃ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។

ក្នុងពិធីនាព្រឹកនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំយកការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ រួមទាំងការថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងជូនពរដល់សុខភាពរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការផ្ញើសាររំលែកទុក្ខនានា និងការចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យរបស់លោកអ៊ំប្រុស ហ៊ុន សាន ដែលបានលាចាកលោកនាពេលថ្មីៗនេះ។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចូលរួមអបអរសាទចំពោះព្រះតេជគុណជាសមណនិស្សិត ព្រមទាំងនិស្សិតទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ បន្ថែមលើភាពជោគជ័យនេះ​ ឧបនាយករដ្ឋមន្ត្រីបានផ្តាំផ្ញើថា «សញ្ញាបត្រឆ្នាំសិក្សាមូលដ្ឋាននេះ គ្រាន់តែជាដំណាក់កាលចាប់ផ្តើម នៃជិវិតសិក្សាកម្រិតឧត្តមសិក្សាតែប៉ុណ្ណោះ។ ប្អូនៗ ត្រូវតែបន្តខិតខំប្រឹងប្រែង ចាប់យកឱកាសពង្រឹងសមត្ថភាព បន្ថែមទៀត ទាំងទ្រឹស្តី និងការអនុវត្ត ដើម្បីអាចអភិវឌ្ឍខ្លួននៅក្នុងសង្គម ដែលពោរពេញទៅដោយឱកាស រួមទាំងការប្រកួតប្រជែងទាំងបរិបទតំបន់ និងសកលលោក។ […] រាល់ភាពជោគជ័យនាថ្ងៃអនាគត ត្រូវមានចំណុចចាប់ផ្តើមបែបនេះ»។

បន្ថែមលើការផ្ញើសារបែបនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចែករំលែកគន្លឹះរៀនសូត្របន្ថែមទៀតដោយបានរំលឹកពីគំរូវីរភាព និងប្រវត្តិតស៊ូរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីអាចទាញយកជាមេរៀនជីវិត មេរៀនដឹកនាំ ឬជាការដកស្រង់ពិសោធន៍សម្រាប់ជីវិតរបស់ខ្លួន ក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅមុខប្រកបដោយថាមពល និងវិបុលភាព ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ត្រូវបានបើកដំណើរការក្នុងឆ្នាំ២០២២ តាមអនុក្រឹត្យលេខ៦៤ របស់រាជរដ្ឋាភិបាល ដោយមានមហាវិទ្យាល័យចំនួន៦ ដេប៉ាតឺម៉ង់ចំនួន១៨ និងមុខជំនាញចំនួន៣២។ មហាវិទ្យាល័យទាំង៦ មានដូចជា៖ ១៖ មហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រ និងភាសា, ២៖ មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, ៣៖ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម, ៤៖ មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម, ៥៖ មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ និងទេសចរណ៍ និង៦៖ មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងគ្រប់គ្រងធុរកិច្ច៕