(សៀមរាប)៖ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលដ្ឋទាំងអស់ ដែលមកចូលរួមព្រឹត្កិការណ៍អង្គរសង្រ្កាន្ត សូមថែរក្សាសុខភាព និងអនាម័យឲ្យបានល្អ ដោយសារព្រឹត្កិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ វាចំនឹងខែក្តៅ ដូច្នេះហើយត្រូវផឹកទឹកឲ្យបានច្រើន និងបរិភោគអាហារឲ្យមានអនាម័យ ជាពិសេស នៅពេលចូលរួមលេងល្បែងកម្សាន្តនានា និងការបើកបរ ត្រូវមានការយោគយល់គ្នាផងដែរ។
ការក្រើនរំលឹកយ៉ាងដូច្នេះរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសមាសភាពក្រុមការងារគ្រូពេទ្យសង្គ្រោះបឋម និងបន្ទាន់ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅខេត្តសៀមរាប របស់មន្ទីរសុខាភិបាលខេត្តសៀមរាប និងមតិណែនាំរបស់ថ្នាក់ដឹកនាំសម្រាប់ក្រុមការងារ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងលោក ហួត សូនី ប្រធានក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យ មកពីបណ្តាមន្ទីរពេទ្យបង្អែកស្រុកជាច្រើន នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប។
លោកវេជ្ជបណ្ឌិត បានបន្តថា មន្ទីរសុខាភិបាលខេត្តសៀមរាប បានសហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដើម្បីរៀបចំកម្លាំងសម្រាប់ចូលរួមនៅការក្នុងសង្គ្រោះបឋម និងបន្ទាន់ ជូនដល់ប្រជាពលរដ្ឋដែលមកចូលរួមក្នុងព្រឹត្កិការណ៍អង្គរសង្រ្កាន្ត នៅក្នុងខេត្តសៀមរាប ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
លោកវេជ្ជបណ្ឌិត បន្តថា ថ្ងៃនេះជាថ្ងៃចុងក្រោយ ដែលក្រុមការងារអញ្ជើញសមាជិកទាំងអស់ ចំនួន២៨៨នាក់ ឲ្យជួបជុំគ្នាដើម្បីបង្ហាត់ និងបង្ហាញឡើងវិញ អំពីអ្វីដែលជាវិន័យ និងបែបបទរដ្ឋបាល ព្រមទាំងការងារបច្ចេកទេសមួយចំនួន ក្នុងការសង្គ្រោះអ្នកជំងឺ ដែលមានបញ្ហាដោយសារបេះដូង ឬក៏មានបញ្ហាឧបទ្ទវវហេតុផ្សេងៗ។
លោកវេជ្ជបណ្ឌិត បន្តទៀតថា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ស្តង់សង្គ្រោះបឋម និងបន្ទាន់ មានចំនួន០៩កន្លែងនៅចំណុចសំខាន់ៗ ក្នុងនោះមាន៖ នៅតាមស្ទឹងសៀមរាបចំនួន០៥កន្លែង, អង្គរឃ្យុងយូ ១កន្លែង និងនៅអង្គរវត្ត ០៣កន្លែង ដោយនៅតាមស្តង់នីមួយៗ បានរៀបចំដាក់គ្រូពេទ្យប្រចាំការ សម្ភារៈ បរិក្ខា និងថ្នាំរួចរាល់ហើយ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្ញៀវទេសចរនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
លោកវេជ្ជបណ្ឌិត បន្ថែមថា ក្រុមការងារទាំង២៨៨នាក់ ចែកចេញជា៣ក្រុម ដោយក្រុមនីមួយៗមានវេជ្ជបណ្ឌិត គិលានុបដ្ឋាក ឆ្មប ក្រុមអ្នកស្ម័គ្រចិត្តដែលជានិស្សិតពេទ្យចំនួន៥៤នាក់ និងក្រុមការងារ សសយក ចំនួន៣០នាក់ទៀត។ ព្រមទាំង ចែកចេញជា៣គោលដៅ ក្នុងនោះ មានអ្នកប្រចាំការនៅមន្ទីរពេទ្យ, អ្នកប្រចាំការនៅតាមស្តង់ និងអ្នកចល័ត ហើយក្រុមចល័តនឹងត្រូវពាក់អាវសម្គាល់ជាអ្មកសង្រ្គោះបឋម។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បញ្ជាក់ថា ក្រុមការងារទាំង២៨៨នាក់នេះ គឺជាក្រុមការងារដែលយើងមានឈ្មោះ និងលេខទំនាកទំនងច្បាល់លាស់ ប៉ុន្តែយើងនៅមានក្រុមគ្រូពេទ្យប្រចាំការនៅតាមមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាំពជាច្រើនទៀត ដែលរង់ចាំសង្គ្រោះបឋម និងបន្ទាន់នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះផងដែរ៕