(កំពង់ធំ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥នេះ លោក ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក តំណាងលោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជ​រដ្ឋា​ភិបាលចុះមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ ព្រមទាំងក្រុមការងារ បានរៀបចំពិធីប្រគេនទេយ្យទានដល់ព្រះសង្ឃ៤០អង្គ មកពីវត្តចំនួន៦​ ក្នុង​ស្រុកតាំងគោក ព្រមទាំងសូត្រមន្តឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការី​ជនដែលបានចែកឋានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ពិធីនេះ បានធ្វើឡើងនៅវត្តមុនីរតនារាម (វត្តទ្រៀល) ឃុំទ្រៀល ស្រុកតាំង​គោក ខេត្តកំពង់ធំ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុកតាំងគោក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ស្រុក​តាំងគោក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា លោកអ៊ំ មាមីង លោកគ្រូ អ្នកគ្រូ ប្អូនៗយុវជន យុវនារី សិស្សានុសិស្សផងដែរ។

ក្នុងឱកាសនោះ លោក ប៉ិច សុខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅពីសំណាក់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោក ឈាង វណ្ណារិទ្ធ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរមូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ លោកយាយ លោកតា លោកអ៊ំ មា មីង លោកគ្រូ អ្នកគ្រូ ប្អូនៗយុវជន យុវនារី សិស្សានុសិស្សដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីនាពេលនេះ។

លោក ប៉ិច សុខា បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងការស្វាគមន៍យ៉ាង​កក់​ក្តៅពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងមូលដ្ឋានស្រុកតាំង​គោក។ លោក ប៉ិច សុខា ក៏សូមអរគុណប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែល​បាន​ចូល​រួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាព​នយោបាយនៅក្នុងមូលដ្ឋានទាំងមូល ក៏ដូចជាបានចូលរួមយ៉ាងសកម្មនៅ​ក្នុង​ការអភិវឌ្ឍន៍មូលដ្ឋានទាំងមូល។

លោក ប៉ិច សុខា បានយកឱកាសនេះ ជម្រាបប្រគេនព្រះតេជគុណ ព្រះ​សង្ឃ​គ្រប់ព្រះអង្គ ក៏ដូចជាជម្រាបជូនលោកយាយ លោកតា លោកអ៊ំ មា​មីង លោកគ្រូ អ្នកគ្រូ ប្អូនៗយុវជន យុវនារី សិស្សានុសិស្សទាំងអស់ថា ការ​ប្រារព្វពិធីបុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិខ្មែរដែលនឹងខិតជិតមកដល់នា​ពេល​​ខាងមុខនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ដែលកើតចេញពីគោល​នយោ​បាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា រាជរដ្ឋា​ភិបាលកម្ពុជានៅក្នុងអាណត្តិនេះ បានបន្តដាក់ចេញនូវគោលនយោ​បាយ​អាទិ​ភាព ដើម្បីលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋគ្រប់រូបដូចជា ការ​ពង្រីក​សេវាថែទាំសុខភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្មវិធីជំនួយ​សង្គមជូនដល់គ្រួសារក្រីក្រ និងរងហានិភ័យ ការជួយសម្រួលតម្លៃកសិផល​ឱ្យបានសមរម្យ និងការពង្រាយមន្ត្រីកសិកម្មឃុំជាដើម។ ដោយឡែក​ចំពោះ​ស្រុកតាំងគោក ជាពិសេសគឺនៅក្នុងឃុំទ្រៀលនេះ មានភ័ព្វសំណាងបាន​ទទួល​នូវមន្ត្រីកសិកម្មឃុំ ១រូប ដើម្បីជួយសម្រួលការងារប្រជាកសិករ ហើយ​បន្ថែមលើនេះគឺទទួលបាននូវសមិទ្ធិផលដ៏ថ្លៃថ្លាមួយ គឺនឹងមានការសាង​សង់​អគារសិក្សាកម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ នៅក្នុងវិទ្យាល័យទ្រៀល​កាលពីពេលថ្មីៗនេះផងដែរ។ ជាមួយគ្នានេះ នាពេលកន្លងមក ក្រុមការងារ​ចុះ​មូលដ្ឋានគ្រប់លំដាប់ថ្នាក់បានចុះផ្ទាល់ជាមួយប្រជាជនក្នុងមូលដ្ឋាន ព្រមទាំងការគិតគូរពីសេដ្ឋកិច្ចគ្រួសារ និងការដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ។

លោក ប៉ិច សុខា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន​ស្រុក​តាំងគោក ខេត្តកំពង់ធំ បន្តចូលរួមថែរក្សាសន្តិភាព និងគាំទ្រដល់ការដឹកនាំ​របស់​រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា​ប្រមុខ ដើម្បីមានឱកាស និងផ្តល់លទ្ធភាពបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ក៏ដូចជាស្រុកតាំងគោក ខេត្តកំពង់ធំ សំដៅឈានឆ្ពោះទៅការ​សម្រេច​បាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែម​ទៀ​តជូនជនរួមជាតិ។

សូមបញ្ជាក់ថា លោក ប៉ិច សុខា បាននាំយកមកនូវទេយ្យវត្ថុ និងបច្ច័យ​របស់​លោក ឈាង វណ្ណារិទ្ធ ក្នុង១វត្តទទួលបាន៖ ស្លាដក់០១ អង្ករពីរបាវ​១០០គីឡូ ទឹកស៊ីអ៊ីវ២យូរ ទឹកត្រី២យូរ ទឹកសុទ្ធ២កេស ទឹកផ្លែឈើ ២កេស មីកញ្ចប់២កេស បច្ច័យបួនសម្រាប់ព្រះចៅអធិកា​វត្តទាំង៦ ក្នុងមួយអង្គ១០ម៉ឺន ហើយចំពោះព្រះសង្សគង់នៅវត្តទ្រៀល ៤០អង្គទៀត ក្នុងមួយអង្គ២ម៉ឺនរៀល និងបច្ច័យ៦០ម៉ឺនរៀលក្នុងមួយវត្តសម្រាប់រៀបចំពិធី​សង្រ្កានថ្មីឆ្នាំ។ បន្ថែមពីនេះទៀត បានជូនតាអាចារ្យ យាយជី ប្រជាការពារ ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងម្នាក់ ១ម៉ឺនរៀល។

មុននឹងបញ្ចប់ការសំណេះសំណាល លោក ប៉ិច សុខា បានផ្តាំផ្ញើដល់​លោក​អភិបាលស្រុកតាំងគោក លោកអធិការ លោក លោកស្រីមេឃុំ លោកមេ​បុស្តិ៍​ន​គរបាលរដ្ឋបាល ក៏ដូចជាប្រជាការពារគ្រប់រូប មេត្តាពង្រឹងការងារសន្តិសុខ​សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិ​ដែលនឹងចូលមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក៏ដូចជា​សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ភ្ញៀវទេសចរ ដែល​ធ្វើដំណើរចូលមកលេងកម្សាន្ត សង្ក្រាននៅតាមបណ្តាវត្ត ក្នុងស្រុក​តាំងគោក ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។ ទន្ទឹមនេះ ត្រូវពង្រឹង​ការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ដើម្បីត្រៀមខ្លួនដាក់ចេញនូវ​ចំណាត់​ការតប់ស្កាត់ ឱ្យបានទាន់ពេលវេលា និងប្រកបដោយ​ប្រសិទ្ធ​ភាពខ្ពស់ នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចល វឹកវរ និងអសន្តិ​សុខក្នុងសង្គម៕