(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារីប្រគេនព្រះអង្គគ្រូជោតធម្មោ ណេន មីហួយ ព្រះចៅអធិការវត្តចុល្លវ័ន (ហៅវត្តព្រៃអារ) និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះគ្រូមេគណខេត្តតាកែវ លោកជំទាវ ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង ១០ នៃខេត្តតាកែវ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ១៨០០ អង្គ/នាក់។
ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សន្តិភាពគឺជាកត្តាចម្បងនិងមិនអាចខ្វះក្នុងកសាងសមិទ្ធផលនានារួមទាំងវត្តអារាមដែលជាទីសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងនាំសារសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកសំរោង ក៏ដូចជាខេត្តតាកែវ ទាំងមូល។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីដែលយើងកំពុងប្រារព្ធនាពេលនេះ គឺកើតចេញពីសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យវិស័យពុទ្ធសាសនាមានការរីកចម្រើនដូចសព្វថ្ងៃ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលបានខិតខំសម្រេចសមិទ្ធផលនិងស្នាដែជាច្រើន ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ ដែលធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ។
លើសពីនេះទៅទៀត លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំថែរក្សាវប្បធម៌ប្រណៃពីរបស់ខ្មែរ ដែលជាអត្តសញ្ញាណជាតិឱ្យបានគង់វង្សយូរអង្វែងតទៅ៕