(ភ្នំពេញ)៖ សុខសន្តិភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន និងបន្ត​ថែទាំយ៉ាងរឹងមាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននាំមកនូវមនុញ្ញផល និងសមិទ្ធផលជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន​កម្ពុជាជាហូរហែ។ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសក​រាជ​២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សមិទ្ធផលថ្មីមួយទៀត​ហើយលើដីរាជធានីភ្នំពេញ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨​ ក្នុង​រាជធានីភ្នំពេញ។

ពិធីសម្ពោធសមិទ្ធផលថ្មីរាជធានីភ្នំពេញ ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលធ្វើឱ្យមានមោទនភាពចំពោះសម្ពានអាកាសមរតកតេជោ គឺត្រូវបានសាងសង់ដោយកូនខ្មែរសុទ្ធសាធ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមត្ថភាពដែលមានចេរភាព គឺគ្មានអ្វីប្រសើរជាងការផ្ទេរសមត្ថភាពជំនាញពីអ្នកជំនាញបរទេស ឬការសិក្សារៀនសូត្រពីក្រៅប្រទេសរបស់កូនខ្មែរ ហើយកូនខ្មែរប្រើសមត្ថភាពក្នុងកិច្ចកសាងសមិទ្ធផលនានារបស់ជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍដោយប្រើកម្លាំងសមត្ថភាពរបស់កូនខ្មែរ គឺជាការអភិវឌ្ឍដែលធានាបាននូវចេរភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអួតគ្នារឿងតុបតែងលំអខេត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាការអួតដែលល្អប្រសើរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនហាមពលរដ្ឋមិនឱ្យយកកូននោះឡើយ ហើយអ្វីដែលបារម្ភនោះ គឺខ្លាចអ្នករាជធានីភ្នំពេញលែងយកកូន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោយពីព្រលានយន្តហោះថ្មីធ្វើរួចរាល់ នឹងមានតំបន់ពាណិជ្ជកម្ម ឧស្សាហកម្មកើតឡើងថែមទៀត ដែលនឹងធ្វើឱ្យមានកំណើនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំមិនអាចហាមពលរដ្ឋមិនឱ្យទិញរថយន្ត ទិញម៉ូតូសម្រាប់ធ្វើដំណើរនោះទេ អ្វីដែលអាចធ្វើបាន គឺប្រឹងសង់ផ្លូវ ពង្រីកផ្លូវ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា ទៅថ្ងៃក្រោយរាជធានីភ្នំពេញ នឹងផ្លូវក្រោមទឹក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានមោទនភាពក្នុងរយៈពេលមុន និងក្រោយបោះឆ្នោត សម្តេចបានអញ្ជើញសម្ពោធ និងបើកការដ្ឋានសាងសង់សមិទ្ធផលចំនួន៥លើកហើយរួមមាន បើកការដ្ឋានសង់ផ្លូវ៥០ម៉ែត្រ ភ្ជាប់ផ្លូវ៦០ម៉ែត្រ ទៅដង្កោ, សាងសង់ស្ពានចាក់អង្រែក្រោម ទៅព្រែកប្រា, បើកការដ្ឋានស្ពានអាកាសភ្លោះ, សម្ពោធអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសម្ពោធស្ពានអាកាសមរតកតេជោ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានការដឹកនាំណាដែលគ្មានបញ្ហានោះទេ តែរាជរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាដែលកើតមាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅសិង្ហបុរី ដើម្បីទិញរថយន្តជិះបាន ត្រូវទិញអាជ្ញាបណ្ណជាមុនសិន។ សម្រាប់កម្ពុជា មិនមានផែនការកំណត់បែបនេះឡើយ មានតែសប្បាយនៅពេលពលរដ្ឋមានលទ្ធភាពទិញរថយន្តជិះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ គិតគូរពីការរៀបចំផ្លូវ ដើម្បីសម្រួលរំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យបណ្តាញដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ អាចជោគជ័យទៅបាន គឺត្រូវរៀបចំការគ្របដណ្តប់ និងពង្រាយបណ្តាញធ្វើដំណើរឱ្យបានច្រើន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានភាពសប្បាយរីករាយ នៅពេលរាជធានី ខេត្តរៀបចំសួនសាធារណៈកាន់តែច្រើន ដើម្បីការលំហែរបស់ប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចណែនាំឱ្យរៀបចំដី៧០ហិកតា នៅទំនប់កប់ស្រូវ ធ្វើជាសួនសាធារណៈ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនខ្លាចនឹងអួតឡើយ ចំពោះសមិទ្ធផលកសាងដោយកូនខ្មែរ សមិទ្ធផលបម្រើប្រយោជន៍ប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ជួយកាត់បន្ថយការចំណាយរបស់ពួកគាត់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ, មិនត្រឹមតែជាការដោះស្រាយ បញ្ហាការកកស្ទះចរាចរណ៍ក្នុងតំបន់នេះប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងជាការតភ្ជាប់វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្ទីកភាគខាងត្បូងរាជធានីភ្នំពេញ។

* ផ្តើមចេញពីហេតុការណ៍គ្រោះរញ្ជួយដីកើតឡើងនៅប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែ​នាំ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គណៈកម្មាធិការជាតិ​គ្រប់គ្រងគ្រោះមហន្តរាយ, រដ្ឋបាលរាជធានី-ខេត្ត និង ក្រសួងស្ថាប័ន ជំនាញពាក់ព័ន្ធត្រូវបង្កើនកិច្ចសហការ និង ពង្រឹងការអនុវត្តការងារ​បច្ចេក​ទេសក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ទាំងក្នុងវិស័យរដ្ឋ និង ក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយ បានជាអតិបរមានូវហានិភ័យ ដែល​អាច​កើតមានឡើង ដោយសារគ្រោះធម្មជាតិ ឬបម្រែបម្រួលអាកាសធាតុ ដូចបណ្តាប្រទេសក្នុងតំបន់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មាន​សុវត្ថិ​ភាព ដើម្បីពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និងក្មេងទំនើង, ទាំងតាមសាលារៀន និង ក្នុងសហគមន៍) ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវ​ទេស​ចរណ៍ជាតិ-អន្តរជាតិ ឱ្យបានល្អប្រសើរ ពោលគឺត្រូវបន្តចាត់វិធានការដូច​ភ្លៀ​ងរលឹមជាប់ជាប្រចាំ, ជាពិសេសការបង្ក្រាបករណីក្មេងទំនើងត្រូវបន្ត​អនុវត្តដោយម៉ឺងម៉ាត់ មិនត្រូវបន្ធូរដៃឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងសម្តែងក្តី​ពេញចិត្តចំពោះយុវជន និងនិស្សិត ដែលបានចងក្រងគ្នាជាក្រុមជួយដល់​សំអាត​សំរាមតាមប្រឡាយទឹក ទន្លេ និងទីសាធារណៈនានា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រយ័ត្នឱ្យបានខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាពិសេសត្រូវបិទអគ្គិសនីមុនចេញពីផ្ទះ។ សម្តេចមហាបវរធិបតី បានអំពាវនាវដល់នគរបាលអគ្គិភ័យរាជធានី ខេត្ត ត្រៀមលក្ខណៈសម្បត្តិប្រតិបត្តិការក្នុងករណីមានគ្រោះអគ្គិភ័យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឱ្យទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលរៀបចំដោយ គ.ជ.ប។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋឱ្យអនុវត្តន៍សិទ្ធិតាមលទ្ធិប្រជាធិបតេយ្យក្នុងការជ្រើសរើសមេដឹកនាំ ដើម្បីរក្សាបានសុខសន្តិភាព និងស្ថេរភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនបន្ទោសលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ចំពោះការរិះគន់សម្តេចរឿងដោះស្រាយបញ្ហាពន្ធជាមួយអាមេរិកនោះទេ ព្រោះពួកគាត់មិនធ្លាប់បានកាន់ការងារជានាយករដ្ឋមន្ត្រីសូម្បីមួយថ្ងៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លោក សម រង្ស៊ី ជាអ្នកនយោបាយមានចរិតអន់ជាងអ្នកនយោបាយប្រឆាំងនៅកម្ពុជា ហើយគ្មានគុណធម៌វាយប្រហារមកលើគ្រួសារសម្តេច សូម្បីកំពុងកាន់ទុក្ខឪពុកធំទទួលមរណភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៩៧ភាគរយ មិនមែនជាអត្រាពន្ធដែលកម្ពុជាយកលើទំនិញអាមេរិក នាំចូលកម្ពុជានោះទេ។ ៩៧ភាគរយ ជាឱនភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្ម កម្ពុជា យកពន្ធលើទំនិញពីគ្រប់ប្រទេសទាំងអស់មិនឱ្យលើសពី៣៥ភាគរយនោះឡើយ ពោលជាមធ្យមគឺប្រមាណ ២៩ភាគរយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទំនិញដែលកម្ពុជានាំចូលទៅអាមេរិកបច្ចុប្បន្នបង់ពន្ធប្រមាណ ១១ភាគរយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា បានចាត់ឧបនាយករដ្ឋមន្ត្រីមួយរូប និងរដ្ឋមន្ត្រីមួយរូប ត្រៀមចរចាជាមួយអាមេរិក រឿងដំឡើងពន្ធលើទំនិញរបស់កម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឆាំងរបស់ខ្មែរដែលរស់នៅក្រៅប្រទេស ចម្លែកពីអ្នកប្រឆាំងនៅប្រទេសដទៃ។ អ្នកប្រឆាំងនៅប្រទេសដទៃ គេតែងរួមគ្នាដោះស្រាយបញ្ហារបស់ជាតិពេលមានបញ្ហា ចម្លែកអ្នកប្រឆាំងរបស់ខ្មែររស់នៅក្រៅប្រទេស វាយប្រហាររាជរដ្ឋាភិបាលជានិច្ច រាល់ពេលមានបញ្ហា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមអ្នកនយោបាយប្រឆាំងក្រៅប្រទេស តែងកេងចំណេញពីបញ្ហារបស់ជាតិ និងប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការប្រតិកម្ម​ទៅ​នឹងការដំឡើងពន្ធលើទំនិញរបស់កម្ពុជា ពីសំណាក់សហរដ្ឋអាមេរិក អាចបង្ហាញច្បាស់នូវចេតនាដោះស្រាយការបញ្ហារវាងរាជរដ្ឋាភិបាល និងក្រុមប្រឆាំងនៅក្រៅប្រទេសដឹកនាំដោយលោក សម រង្ស៊ី ពោលក្រុម​លោក សម រង្ស៊ី ចេះតែលើកបញ្ហាបន្ទោសបង្អាប់ ប៉ុន្តែមិនជួយដោះស្រាយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅខែក្រោយសម្តេចនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា មិនបាច់ប្រើវិធីសាស្ត្រ​ជេរតបទៅក្រុមប្រឆាំងនោះទេ នាំឱ្យបង្ហាញពីឱនភាពសីលធម៌ក្នុងសង្គមកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ នាំគ្នាបង្ហាញពីភាពវិជ្ជមានដែលកម្ពុជាផ្សព្វផ្សាយទៅកាន់ពិភពលោក ដើម្បីទាក់ទងភ្ញៀវទេសចរណ៍មកលេងកម្ពុជាយើង។

* សម្តេចធិបតី ហ៊ុន មា៉ណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖៥៦នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕