(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា នៅខែក្រោយនេះ សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន ដែលក្នុងដំណើរទស្សនកិច្ចនេះ សម្តេចបវរធិបតី បានដាក់ផែនការទាក់ទាញវិនិយោគិនពីជប៉ុនបន្ថែមទៀតផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ណែត គូសបញ្ជាក់ថាបែបនេះ ធ្វើឡើងនាឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
សម្តេចបវរធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងទៅទស្សនកិច្ចផ្លូវការនៅជប៉ុន នៅខែក្រោយ ។ យើងនឹងគ្រោងធ្វើការ ដើម្បីទាក់ទាញវិនិយោគិនជប៉ុន ថែមទៀត»។
ជាមួយគ្នានេះ សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍ចំពោះវិនិយោគិនបរទេសទាំងអស់ មិនថាតែ អ្នកវិនិយោគមកពីជប៉ុន មកពីអាមេរិក ឥណ្ឌាឡើយ ដើម្បីមកបណ្តាក់ទុននៅគ្រប់វិស័យទាំងអស់នេះកម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា នេះជាអ្វីដែលរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើ បើទោះបីជាពេលខ្លះយើងនិយាយតិច តែយើងធ្វើច្រើន។
គួរជម្រាបផងដែរថា ស្របជាមួយនឹងគម្រោងដំណើរទស្សនកិច្ចនៅជប៉ុនជាផ្លូវការ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនៅខែក្រោយនេះ នៅពាក់កណ្តាលខែមេសា ឆ្នាំ២០២៥ លោក ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិចិន ក៏នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា, ម៉ាឡេស៊ី និងវៀតណាមផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះ រដ្ឋាភិបាល នឹងជំរុញការទាក់ទាញវិនិយោគិនមកកម្ពុជាបន្ថែមទៀត៕