(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានសម្តែងការកោតសរសើរ និងគាំទ្រចំពោះយុវជន និងនិស្សិតមួយចំនួន ដែលបានចងក្រងគ្នាជាក្រុមជួយដល់សម្អាតសំរាមតាមប្រឡាយទឹក ទន្លេ និងទីសាធារណៈនានា ដើម្បីធ្វើឱ្យសង្គមកម្ពុជាកាន់តែស៊ីវីល័យ។

ការថ្លែងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនាឱកាសដែលសម្តេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ សម្តេចបវរធិបតី បានជំរុញឱ្យពលរដ្ឋជាពិសេសយុវជនរួមគ្នា កសាងសង្គមមួយដែលល្អ រួមគ្នាលុបបំបាត់ និងកែលម្អកំហុសឆ្គងកន្លងមក ។

សម្តេចបវរធិបតី បានលើកទឹកចិត្ត និងសរសើរចំពោះយុវជន ដែលបានចងក្រងគ្នាជាក្រុម ដើម្បីធ្វើការងារមនុស្សធម៌ ជួយការងារសង្គម គ្រួសារ ប៉ុន្តែកុំចងក្រងគ្នាធ្វើជាក្រុមបងតូចបងធំ ។ ការចងក្រងគ្នាក្រុមបងតូចបងធំបែបនេះ សមត្ថកិច្ច នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់សកម្មភាពទាំងនេះ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «អ្វីដែលល្អយើងរួមគ្នាលើកទឹកចិត្ត និងបង្កលក្ខណៈឱ្យធ្វើទៅ រួមទាំងសកម្មភាពស្ម័គ្រចិត្តផ្សេងៗរបស់ប្រជាពលរដ្ឋជាពិសេសយុវជនរបស់យើង។ នេះហើយ គឺជាសញ្ញាបង្ហាញសង្គមស៊ីវីល័យ។ សង្គមស៊ីវិល័យមិនមែនមានន័យថា មានតែខ្លួនមានរបស់របរដើរបង្អួតគ្នានោះទេ ប៉ុន្តែការរៀបចំរស់នៅដោយថ្លៃថ្នូរ គោរពគ្នា ប្រកាន់សីលធម៌ គុណធម៌ នេះហើយដែលគេហៅថា សង្គមស៊ីវ័យ»

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី លើកឡើងផងដែរថា បើទោះបីជាក្រុមជិះម៉ូតូបើកផ្លូវ និងសម្រួលដល់រថយន្តសង្រ្គោះបន្ទាន់ជាសកម្មភាពល្អក៏ដោយ ប៉ុន្តែសម្តេចមិនលើកទឹកចិត្តឱ្យបន្តធ្វើទៀតនោះ ដោយទុកតួនាទីនេះ ឱ្យក្រុមប៉ូលីសជាអ្នកធ្វើសកម្មភាពបើកផ្លូវបានហើយ៕