(កណ្តាល)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធជូនដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្ម និងទទួលមរណភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមផងដែរពីសំណាក់លោក លោកស្រីជា មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្រុមគ្រួសារ ក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់កងយោធពលខេមរភូមិន្ទ ដែលកន្លងមក បានចូលរួមបំពេញ និងអនុវត្តតួនាទី-ភារកិច្ចយ៉ាងសកម្ម ក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ចូលរួមលើការកសាងនិងអភិវឌ្ឍន៍ជាតិ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ នៃប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ។ ក្រៅពីនេះនៅបានចូលរួមការងារសង្គមកិច្ចយ៉ាងច្រើនទៀតផងដែរ។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើរដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវត្រៀមសម្ភារៈសង្គ្រោះ រួមនិងរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីកើតឡើងដោយយថាហេតុផ្សេងៗ ព្រមទាំងចូលរួមសហការលើកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ជាពិសេស ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជាក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ.ភ.ម និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវនូវអភិក្រមទាំង៥ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក។

សូមរំលឹកថា ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានអង្គរក្ស តែងបានរៀបចំនូវពិធីតាមប្រពៃណីជាតិខ្មែរ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មាន ជីដូន ជីតា មាតា បិតា គ្រូឧបជ្ឈាយាចារ្យ និងញាត្តិការទាំង៧សណ្តាន ដែលបានបែកបាក់ចែតឋាន ជាពិសេសឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ធ នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ  ហើយបានមកទទួលនូវមនុញ្ញផល ផលបុណ្យ និងបានសោយសុខនៅក្នុងឋានសុគតិភព។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងនាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស បាននិមន្តព្រះសង្ឃចំនួន ៨៨អង្គ ដែលនិមន្តមកពីវត្តប្រជុំនទី ហៅវត្តក្រពើហារ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត វេរប្រគេនបច្ច័យទ័យ្យទាន មានគ្រឿងឧបភោគ និងគ្រឿបរិភោគជាច្រើនមុខទៅដល់ព្រះសង្ឃ ស្របតាមគន្លងប្រពៃណីសាសនា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីជាតិខ្មែរ ព្រមទាំងបានឧបត្ថម្ភអង្គភាពចំណុះ បញ្ជាការដ្ឋានអង្គរក្ស ក្នុង១អង្គភាព ថវិកា ៥លានរៀល និងភេសជ្ជៈស្រាបៀ ៥០កេស , យោធិនម្នាក់ៗ ថវិកា ១០ម៉ឺនរៀល និង១ស្នងការថវិកា ២លានរៀល។

នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងអស់ បានប្តេជ្ញាចិត្ត ស្មោះត្រង់ ការពារ និងបម្រើ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារឱ្យបាន១០០% និងលុះអវសាន្តនៃជីវិត៕