(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានថ្លែងថា ក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើងដល់ជាង ៧,៨២ពាន់លានដុល្លារ។
ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងពិធីបើក «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម» ដែលប្រព្រឹត្តទៅស្របពេលជាមួយការអបអរសាទរ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រើប្រាស់ផលិតផលខ្មែរ គឺមោទនភាពជាតិខ្មែរ» ដែលបានរៀបចំឡើងនៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ។
លោក ឌិត ទីណា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម ជាពិសេស តាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយ អាទិភាពទី៥ និងទី៦ ដែលរួមមានការលើកស្ទួយផលិតភាពកសិកម្ម, ការរកទីផ្សារ, ការរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។
លោកបានបន្តថា ក្នុងទិសដៅនេះ ក្រសួងបានដាក់ចេញនូវគោលនយោបាយ «មានហូប មានប្រើ មានបាន និងមានរហូត» ដើម្បីធានាសន្តិសុខស្បៀង ចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករ។
លើសពីនេះ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា វិស័យកសិកម្មកម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោនដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ជាក់ស្តែងក្នុងឆ្នាំ២០២៤ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើងដល់ជាង ៧,៨២ពាន់លាន ដុល្លារ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%។ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក»។
លោករដ្ឋមន្ត្រី បានថ្លែងថា ទោះជាយ៉ាងនេះក្តី វិស័យកសិកម្មកម្ពុជា ជួបបញ្ហាប្រឈមមួយចំនួនដូចជា អស្ថិរភាពនៃប្រព័ន្ធផលិតកម្ម, កង្វះទីផ្សារ, អស្ថិរភាពតម្លៃ និងកង្វះវិនិយោគលើការកែច្នៃជាដើម។ល។ ដែលទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ និងរួមគ្នាដោះស្រាយតាមយន្តការ «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម» ដើម្បីជំរុញ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។ ក្នុងន័យនេះ ការសិក្សាអំពីដំណើរវិវត្តនៃវិស័យកសិកម្មកម្ពុជានាពេលកន្លងមក រួមជាមួយនឹងនិន្នាការបច្ចុប្បន្ន និងសក្តានុពលនាពេលអនាគត គឺជារឿងចាំបាច់ដែលអង្គវេទិកាត្រូវជជែកពិភាក្សា៕