(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញប្រគល់ថវិកាធានារ៉ាប់រងសង្គមជាង៨០លានរៀល ជូនគ្រួសារសពអតីតយុទ្ធជនចំនួន៥គ្រួសារ និងបានឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន២៥គ្រួសារ ដែលបានអញ្ជើញមកពីស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
លោក ជួន សិលាវ៉ិត ប្រធានមូលនិធិជំនួយសង្គម នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ប្រាក់ធានាអារ៉ាប់រងសង្គម សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ដែលបានទទួលមរណភាពនាពេលកន្លងទៅ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តប្រកបរបរចិញ្ចឹមជីវិត និងបានគូសបញ្ជាក់អំពី ចំនួនទឹកប្រាក់ដែលក្រុមគ្រួសារសព អតីតយុទ្ធជន ត្រូវបានទទួលមានការខុសៗគ្នាទៅតាមឋានន្តរសក្កិ អតីតភាពការងារ និងប្រភេទមុខសញ្ញារបស់អតីតយុទ្ធជននីមួយៗ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសោកស្ដាយអាឡោះអាល័យចំពោះអតីតយុទ្ធជនរបស់យើង ដែលទទួលមរណភាពនាពេលកន្លងទៅ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
លោកបានបញ្ជាក់ជូនអំពីការយកចិត្តទុកដាក់គិតគូរគ្រប់បែបយ៉ាង របស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះអតីតយុទ្ធជនរបស់យើង ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។
ក្នុងរយៈពេលជាង៣ខែកន្លងទៅក្រុមគ្រួសារសពអតីតយុទ្ធជនបានទទួលថវិកាបេឡាមរណៈសង្គ្រោះសម្រាប់ធ្វើបុណ្យសព រួចមកហើយ និងនៅថ្ងែនេះបងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ត្រូវបានទទួលកញ្ចប់ថវិកាធានារ៉ាប់រងសង្គម សម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតបន្ថែមទៀត។
លោកបានសំណេះសំណាលសាកសួរសុខទុក្ខ ចំពោះបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតចំនួន២៥គ្រួសារផ្សេងទៀត ដែលចូលរួមក្នុងពិធីនេះ នឹងបានឧបត្ថម្ភអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនក្នុងមួយគ្រួសារ នូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រីខកំប៉ុងចំនួន ១យូរ និងទឹកត្រី ទឹកស៊ីអ៊ីវចំនួន២យួរ ដើម្បីសម្រាលនូវការលំបាកក្នុងជីវភាពប្រចាំថ្ងៃ និងសម្រាប់ចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ។
ក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន៥គ្រួសារ និងអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាតចំនួន ២៥គ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន នាពេលពេលកន្លងទៅក៏ដូចជាបច្ចុប្បន្ននេះ៕