(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់សម្ភារសុខភាព អនាម័យ ជូនគ្រួសារក្រីក្រចំនួន៥៩៨គ្រួសារ ក្រោមគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះ ក្រោយវិបត្តិកូវីដ-១៩ តាមរយៈក្រសួងផែនការ ដែលប្រារព្ធធ្វើឡើងនៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ថ្លែងឱកាសនោះដែរលោក គីម រិទ្ធី បានសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជា និងកម្មវិធី UNDP ដែលបានផ្តួចផ្តើមគម្រោង ACRP នេះឡើង ដើម្បីឆ្លើយតបយ៉ាងសមស្របទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការប្តេជ្ញាចិត្តដ៏យូរអង្វែងចំពោះការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។
លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងរំលឹកផងដែរ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិនៃជំងឺកូវីដ-១៩ កាលពីពេលកន្លងមក មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារដែលងាយរងគ្រោះបំផុត ដែលបណ្តាលឱ្យមានការបាត់បង់ការងារ ចំណូល និងការលំបាកជាច្រើនផ្សេងទៀត។
បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ រួមមានការផ្តល់ជំនួយសង្គម ការគាំទ្រអាជីវកម្ម ការជំរុញការចាក់វ៉ាក់សាំង និងការផ្តោតសំខាន់លើការស្តារជីវភាពរស់នៅឡើងវិញ តាមរយៈគម្រោងដូចជា ACRP នេះជាដើម។
លោក គីម រិទ្ធី ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រួសារដែលទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមជាប្រចាំ និងពីគម្រោងខាងលើបន្ថែមទៀត នឹងអាចចាប់យកឱកាសនេះ ដើម្បីពង្រឹង និងអភិវឌ្ឍជីវភាពខ្លួនឯង ឱ្យរួចផុតពីភាពក្រីក្រ តាមរយៈការប្រើប្រាស់ធនធានដែលទទួលបានពីគម្រោងទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនេះលោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការថែរក្សាសុខភាព និងអនាម័យ ជាពិសេសការលាងដៃឱ្យបានញឹកញាប់ ដើម្បីបង្ការនូវជំងឺផ្សេងៗ ហើយបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ជាពិសេសក្នុងឱកាសខិតជិតចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមានការធ្វើដំណើរច្រើន។
លើសពីនេះទៀត លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សា និងលើកកម្ពស់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដូចជាការលេងល្បែងប្រជាប្រិយ ការរាំរែក និងការជួបជុំក្រុមគ្រួសារ ដើម្បីពូនជ្រុំសាមគ្គីភាព និងភាពកក់ក្តៅក្នុងសង្គម។
គួរបញ្ជាក់ថា គម្រោង ACRP នេះ ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកម្មវិធី UNDP ហើយពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខភាពអនាម័យនាពេលនេះ គឺដើម្បីបន្តរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពជីវិត និងបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
គម្រោងនេះ បានប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បីកំណត់គ្រួសារគោលដៅ ដែលមានបណ្ណសមធម៌មានសុពលភាពចំនួន ៥៥០០គ្រួសារ នៅក្នុងខេត្តគោលដៅចំនួន៥រួមមាន៖ ខេត្តព្រះវិហារ កំពង់ឆ្នាំង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕