(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង (ក​.​គ​.​ផ​.​ស​.) បានថ្លែងថា គិតមកដល់ខែមីនា ឆ្នាំ២០២៥ នៅប្រទេសកម្ពុជា មានផ្ទាំងអាហ្វីស ប៉ាណូ ជាង១៤ម៉ឺនផ្ទាំង ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ។

ការឱ្យដឹងបែបនេះរបស់លោករដ្ឋន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាព ចុះអនុស្សរណៈនៃការយោគយល់ (MoU) រវាងក្រសួងព័ត៌មាន និងសមាគមទីភ្នាក់ងារប្រព័ន្ធ ផ្សព្វផ្សាយពាណិជ្ជកម្មកម្ពុជា (Cambodia Association of Media Advertising Agencies) ហៅកាត់ជាភាសារខ្មែរ (ស.ភ.ប.ផ.ក) តំណាងដោយលោក គៀន សាន ប្រធានសមាគម ពិធីនេះ ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ នៅសាលចតុម្មុខមង្គល រាជធានីភ្នំពេញ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅត្រឹម៣ខែ ដើម្បីឆ្នាំ២០២៥ នៅកម្ពុជា មានអាល់ហ្វីសប៉ាណូ ដែលធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទាំងគ្រឿងស្រវឹង និងមិនមែនជាគ្រឿងស្រវឹង ចំនួន ១៤ម៉ឺន ប៉ាណូ ទាំងតូច ទាំងធំដែលយើងគិតចាប់ពី ៤ម៉ឺនឡើងទៅ ដោយមិនរាប់បញ្ចូលយីហោ ស្លាកតូចៗដែលនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ»។

បើតាមលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ខណៈនៅ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ផ្ទាំង​ប៉ាណូ​​​ចំនួន​១៧ ដែល​ផ្ដោតលើ​ ៣ទម្រង់​ នៅ​ទូទាំង​ប្រទេសកម្ពុជា ដោយបានដាក់​នៅមុខ​ហាង និង​មុខផ្ទះ​ប្រជាពលរដ្ឋ នៅតាម​ទីតាំង​សា​ធា​រណៈ តាម​ដងផ្លូវ​សាធារណៈ ឬ​ចំណីផ្លូវ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា បច្ចុប្បន្ន​នេះ នៅកម្ពុជាមាន​រោងចក្រ​ស្រា​បៀរ​ធំៗ​ចំនួន​៧ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ចំនួន​ប្រាំ​ជា​កម្មសិទ្ធិ​របស់​អ្នកស្រុក និង​ពីរ​ក្រុមហ៊ុន​បរទេស​។​ យ៉ាងណាមិញ ​ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់ និង​គ្រប់ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ​ឱ្យ​បានល្អ ប្រធាន​​ (ក​.​គ​.​ផ​.​ស​.) មាន​តួនាទី​ដឹកនាំ​ជា​យុទ្ធសាស្ត្រ តម្រង់ទិស​ក្នុងការ​រៀបចំ​យន្តការ​អនុវត្ត និង​បទដ្ឋាន​បច្ចេកទេស កំណត់​វិធានការ​ច្បាប់ និង​វិធានការ​បច្ចេកទេសធានាបាន​កិច្ចការពារ​អ្នកប្រើប្រាស់ និង​ជុំរុញ​ការប្រកួតប្រជែង​ប្រកបដោយ​សុចរិត។

លើសនេះពី ក្រុមការងារ (​ក​.​គ​.​ផ​.​ស​) បានរៀបចំ​សណ្តាប់ធ្នាប់​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង តាម​គ្រប់​មធ្យោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ដាក់តាំង​បង្ហាញ​នៅ​គ្រប់​ទីកន្លែង ដើម្បី​លើកកម្ពស់​សោភ័ណភាព​ និង​ចូលរួម​ពង្រឹង​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។​

លោក ភក្ដ្រា បាន​ថ្លែងថា​ ​កិច្ចការងារ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់ជូន គឺ​ធ្វើយ៉ាងណា​ដើម្បី​ជំរុញ និង​លើកកម្ពស់​សុខុមាលភាព​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការគ្រប់គ្រង​ការផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង ក៏ដូចជា​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ប៉ាណូ និង​អា​ហ្វី​ស​ផ្សេងៗ​ទៀត ឱ្យមាន​សណ្តាប់ធ្នាប់​ល្អ ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាមរយៈ​រូបភាព និង​សារ​ផ្សេងៗ។

គួរឱ្យដឹងថា តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ, សម្តចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថាកន្លងទៅនេះ សម្តេចបានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមផ្ទាំងប៉ាណូនៅតាមទីសាធារណៈដោយត្រូវកាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈផ្ទាំងប៉ាណូធំៗ ឱ្យមកនៅត្រឹមតែ ៥០% នៃចំនួនផ្ទាំងប៉ាណូផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងសរុបនៅទូទាំងប្រទេស។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ដែលមានក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងដឹកនាំដោយក្រសួងព័ត៌មាន និងដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានសម្របសម្រួល និងដោះស្រាយ ដោយទទួលបានលទ្ធផលល្អប្រសើរ៕