(សៀមរាប)៖ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីសម្ពោធសាលាបាលី មហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តលោមព្រលឹង ហៅលោមអង្គ ស្ថិតភូមិសផ្ទៃ ឃុំមានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ពិធីនេះមានការចូលរួមពីសំណាក់អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា ៩០០ នាក់ចូលរួម។

នាឱកាសនោះដែរ លោកស្រីបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ដែលជាការរួមចំណែកក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិ។ ការៀបចំកសាងវត្តអារាមនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្នុងការអភិវឌ្ឍមូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។

លោកស្រីបណ្ឌិត ក៏បានបន្តថា វត្ដលោមប្រលឹង មានអាយុកាល២០០ឆ្នាំមកហើយ បានកសាងតាំងពីឆ្នាំ១៨២៥ និងបន្តវេនដោយចៅអធិការ ៥ដំណរមកហើយ។ ដោយសារជាវត្តចំណាស់ រាជរដ្ឋាភិបាលដាក់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោកស្រីបណ្ឌិតបន្តទៀតថា សមិទ្ធផលនៅថ្ងៃនេះ មិនអាចកើតឡើងដោយឯកឯងបានទេ បើមិនមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពនយោបាយជូនប្រទេសជាតិ និងប្រជាជន។ លោកស្រីបណ្ឌិតបានផ្តាំផ្ញើទៅអាជ្ញាធរដែនដី ចៅអធិការវត្ត និងពលរដ្ឋឲ្យរួមគ្នាថែរក្សា ការពារ មានអនាម័យ សណ្តាប់ធ្នាប់ និងដាំដើមឈើរៀបចំសួនទីធ្លាវត្តឲ្យកាន់តែបានប្រសើរជាងនេះ ដើម្បីប្រែក្លាយវត្តនេះទៅជាវត្តវប្បធម៍ ទេសចរណ៍ និងសាសនា ដើម្បីទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិឲ្យមកវត្តនេះឲ្យបានកាន់តែច្រើន។ លោកស្រីបណ្ឌិតបានសំណូមពរបន្ថែមថា អាជ្ញាធរដែនដីសូមជួយសម្រួលដល់អ្នកវិនិយោគ បើពួកគាត់ជួបការលំបាកអីសូមចុះជួយសម្រួល ចុះជួយតម្រង់ទិស ព្រោះទាំងពីរផ្នែកនេះត្រូវរស់នៅជាមួយគ្នាជួយគ្នាទៅវិញទៅមក ត្រូវមានសុខដុមនីកម្មជាមួយគ្នា។

លោកស្រីបណ្ឌិត ក៏បានមានប្រសាសន៍រំលេចថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយបានផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ដូចជាការប្រមូលបច្ច័យពីគ្រប់ទិសទីមកកសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ។ លោកស្រីបណ្ឌិត ក៏បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះគ្រូចៅអធិការវត្តលោមព្រលឹង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យវត្ត សប្បុរជន និងពុទ្ធបរិស័ទ គ្រប់ទិសទីដែលបានខិតខំប្រឹងប្រែង ចូលរួមចំណែកក្នុងការកសាងសមិទ្ធផលទាំងនេះ ឱ្យលេចចេញជារូបរាងឡើង សម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងទុកជាសក្ការៈសម្រាប់ពុទ្ធបរិស័ទគោរពបូជា។

ជាមួយគ្នានោះផងដែរ លោកស្រីបណ្ឌិតក៏បាននាំយកយកសម្ភារៈសិក្សា ថ្នាំពេទ្យ ក្រមា ស្បែកជើង និងថវិកា ចែកជូនដល់ប្អូនៗសិស្សានុសិស្សលោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋដែលបានចូលរួមពិធីនោះផងដែរ។