(ភ្នំពេញ)៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល។
ជាកិច្ចចាប់ផ្តើមលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងនេះឡើង ក្នុងគោលបំណងគិតគូរដល់ការអភិវឌ្ឍធនធានមនុស្ស សំដៅធ្វើយ៉ាងណាជួយគាំទ្រដល់ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ក្នុងវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញដល់ការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកអំពីសារៈសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាពេទ្យ រយៈពេលវេលាសិក្សាវែង និងបន្តមិនចប់មួយជីវិត ដើម្បីការកសាង និងបន្តរក្សាបាននូវសមត្ថភាពមុតស្រួច ទាំងចំណេះវេជ្ជសាស្ត្រទូទៅ ទាំងចំណេះឯកទេស និងឈានទៅជាអ្នកជំនាញកម្រឹតខ្ពស់ (seniors)។ រយៈពេលសិក្សាយូរ ពី៨ ដល់១០ឆ្នាំ និងបន្ថែមពីនេះ បន្តកម្មសិក្សានៅក្រៅប្រទេស ចំពោះវេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេសនេះហើយ ទើបធានាបានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាយុជីវិតអ្នកជំងឺ។
«ដូច្នេះមុនចូលរៀនវិជ្ជាពេទ្យ យើងម្នាក់ៗបានដឹងរួចហើយថាត្រូវតែព្យាយាម ប្រឹងប្រែង តស៊ូជាមួយគ្រប់ការលំបាក ខិតខំឆ្លើយតបជាដំណោះស្រាយសង្គ្រោះអាយុជីវិតអ្នកជំងឺ រាល់គ្រប់វិនាទី មិនថាយប់ថ្ងៃ មិនថាថ្ងៃសម្រាក ឫវេលាណាទេ»។ការបញ្ជាក់បន្ថែមរបស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី។
ជាទីបញ្ចប់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់សមាជិក សមាជិកាក្នុងសិក្ខាសាលា ខិតខំចូលរួមផ្តល់នូវធាតុចូល ដើម្បីពិភាក្សា និងសម្រេចឱ្យបានលើទិដ្ឋភាពគ្រប់ជ្រុងជ្រោយ អំពីសេចក្តីព្រាងព្រះរាជក្រឹត្យនេះ៕