(រតនគិរី)៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទបានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំអំណោយជូនកងកម្លាំងឈរជើងតាមបណ្តោយព្រំដែនទិសភូមិភាគទី១ក្នុងភូមិសាស្ត្រខេត្តរតនគិរី។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានជំរុញឲ្យកងកម្លាំងបំពេញការងារនៅតាមតំបន់ព្រំដែន ឲ្យបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាប់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។ ទន្ទឹមនោះដែរ លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួមមាន៖កងទ័ព កងនគរបាលជាតិ និងកងរាជអាវុធហត្ថដែលបានខិតខំបំពេញភារកិច្ចការពារបូរណភាពទឹកដី និងកងកម្លាំងវិស្វកម្មអគ្គបញ្ជាដែលបានលះបង់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកអគ្គមេបញ្ជាការ បានលើកឡើងពីការកសាងផ្លូវខ្សែក្រវាត់ព្រំដែនរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន និងកំពុងបន្តអភិវឌ្ឍដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជារបងការពារបូរណភាពទឹកដីដ៏សំខាន់ ដែលជាច្រើនជំនាន់មកហើយពុំដែលមានដូចសម័យនេះទេ។
នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ លោកអគ្គមេបញ្ជាការក៏បានផ្តាំផ្ញើដល់កងកម្លាំងអាវុធហត្ថ កម្លាំងនគរបាលជាតិត្រូវចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយផងដែរ៕