(ភ្នំពេញ)៖ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននិមន្ដព្រះសង្ឃសូត្រមន្ដចម្រើនព្រះបរិត្ត និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៥អង្គ ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នៅសប្ដាហ៍ក្រោយនេះ។
ការរៀបចំពិធីសូត្រមន្ដចម្រើនព្រះបរិត្ដនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៤៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដែលមានការចូលរួមពីសមាជិក សមាជិកា និងមន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជា។
កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តីជ័យមង្គល មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក ជួបតែសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបន្តបំពេញតួនាទីភារកិច្ច ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
ជាមួយគ្នានេះ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកកាកបាទក្រហមកម្ពុជាទាំងអស់ សូមព្រះបរមរាជានុញ្ញាតលំឱនកាយក្រាបបង្គំទូលថ្វាយព្រះរាជសព្ទសាធុការពរជ័យបវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ប្រកបដោយកត្តញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
នាឱកាសនេះថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកកាកបាទក្រហមកម្ពុជាទាំងអស់ បានសូមគោរពជូនពរជ័យ សិរីសួស្ដី ជ័យមង្គលមហាប្រសើរ និងវត្ថុស័ក្កសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី តាមជួយថែរក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាវាងវៃ ជន្មាយុយឺនយូរជាងរយវស្សា ដើម្បីជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជាជនកម្ពុជា ក្នុងសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ ។
សូមជម្រាបផងដែរថា ក្នុងឱកាសនិមន្ដព្រះសង្ឃសូត្រមន្ដចម្រើនព្រះបរិត្ត និងរាប់បាត្រប្រគេនព្រះសង្ឃចំនួន ៥អង្គ, លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានវេរប្រគេនព្រះសង្ឃចំនួន៥អង្គ ដោយក្នុង១អង្គៗ រួមមាន៖ ចង្ហាន់ ១ស្រាក់ បង្អែម ១ឈុត ភេជ្ជៈ១កន្ត្រក និងសាដក១។ ជាមួយគ្នានេះលោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានប្រគេននូវបច្ច័យចំពោះព្រះចៅអធិការវត្តក្រពើហា ចំនួន ៥លានរៀល និងព្រះសង្ឃ៤អង្គ ក្នុង១អង្គៗ ថវិកា១លានរៀល។
បន្ទាប់ពីពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទានដល់ព្រះសង្ឃចប់សព្វគ្រប់ កាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញក្រុមសិល្បៈរបាំត្រុដិមកសម្ដែង ដើម្បីបណ្ដេញនូវឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ ផ្លាស់ទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ និងបានឧបត្ថមថវិកាដាក់ក្នុងថង់ត្រុដិចំនួន៥លានរៀន។ ដោយឡែកអ្នករបាំត្រុដិ និងអ្នកតុបតែង សរុប២១នាក់ ម្នាក់ៗ ទទួលបានថវិការ១០ម៉ឺនរៀល។
សូមជម្រាបថា ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក នឹងយាងចុះមកជម្ពូទ្វីបនាវេលាទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៤៖៤៨នាទីព្រឹក។ ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ៕