(ភ្នំពេញ)៖ លោកស្រី ឆេ មូន ជុង (Moonjung CHOI) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានបេ្តជ្ញាចិត្តយ៉ាងមុតមាំ បន្តកិច្ចសហប្រតិបត្តិការ និងរួមចំណែកគាំទ្រ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាល ក្នុងការបង្កើនលទ្ធភាព និងគុណភាពនៃសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋកម្ពុជា។

ការប្ដេជ្ញាចិត្ដយ៉ាងមុតមាំខាងលើនេះរបស់លោកស្រី ក្នុងឱកាសចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាលើគម្រោង «ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី» (PROJECT FOR STRENGTHENING COMPREHENSIVE PUBLIC HEALTH SYSTEM IN RATANAKIRI PROVINCE) នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមវត្ដមានដោយផ្ទាល់ពីសំណាក់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។

លោកស្រី ម៉ូន ជុង ឆេ បានថ្លែងថា គម្រោងខាងលើនេះ នឹងកាន់តែបង្កើនលទ្ធភាព គុណភាពនៃសេវាថែទាំសុខភាព ពង្រឹងសមត្ថភាព និងមុខងារប្រតិបត្តិការនៃប្រព័ន្ធសុខាភិបាលសាធារណៈ រួមទាំងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងខេត្តរតនគិរី ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីជំនួយឥតសំណងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ប្រមាណ KRW ៩,៦៦០,០០០,០០០ ស្មើនឹងប្រមាណ ៧លានដុល្លារអាមេរិក។

ស្ថិតក្នុងបរិយាកាសដ៏ឱឡារិកនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងថា កន្លងមករដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បាននឹងកំពុងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព ជាប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃប្រទេសទាំងពីរ។

លោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា ឈរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសលើគុណភាពនៃការផ្តល់សេវាសុខភាពនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព គឺកាន់តែឆ្លើយតបបានទៅនឹងអាទិភាពក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាជន។

ក្នុងឱកាសនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែលស្របទៅនឹងអាទិភាពចំបងបំផុតរបស់ក្រសួងសុខាភិបាល៕