(ភ្នំពេញ)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រកួតប្រជែង Young Entrepreneur 4Impact ដែលសហការរៀបចំដោយក្រុមហ៊ុន Tech For Kids Academy និងមជ្ឈមណ្ឌលបច្ចេកវិទ្យានៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP Technology Center) និងមានការអញ្ជើញចូលរួមពីអាណាព្យាបាល និងសិស្សានុសិស្ស ប្រមាណ ១០០នាក់។

កម្មវិធី Young Entrepreneur 4Impact គឺជាកម្មវិធីប្រកួតប្រជែង សហគ្រិនភាព គំនិតច្នៃប្រឌិត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាពិសេសជំនាញអភិវឌ្ឍកម្មវិធីទូរសព្ទដៃ និងការបង្កើតគេហទំព័រ តាមរយៈវគ្គបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថលរយៈពេល ៨ សប្ដាហ៍។

ក្នុងនោះផងដែរ បេក្ខជនចំនួន ៨ក្រុម បានឡើងធ្វើបទបង្ហាញអំពីគម្រោងអាជីវកម្មរបស់ក្រុមនីមួយៗ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា៖ កម្មវិធីទូរសព្ទ គេហទំព័រ និងថ្នាលឌីជីថលនានា ដើម្បីស្វែងរកដំណោះស្រាយឌីជីថលលើបញ្ហានានាក្នុងវិស័យកសិកម្ម សុខាភិបាល អប់រំ និងបរិស្ថាន។

តាមរយៈការរៀបចំកម្មវិធីប្រកួតប្រជែងខាងលើ សិស្សានុសិស្សនឹងទទួលបានឱកាស សាកល្បងសមត្ថភាព ទទួលបានចំណេះដឹងថ្មីៗ ក៏ដូចជាការបង្ហាញអំពីគំនិតច្នៃប្រឌិតរបស់ខ្លួន និងត្រៀមខ្លូនសម្រាប់ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថលនាពេលអនាគត ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សឌីជីថលនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅបរិវត្តកម្មឌីជីល និងពលរដ្ឋឌីជីថល៕