(ភ្នំពេញ)៖ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារ និងនិស្សិតអាហារូប​ករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត (អ.ម.ត) រាជធានីភ្នំពេញ បានចូលរួមកម្មវិធីពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៨ ក្រោមប្រធានបទ «មរតកទាំង៥» ឆ្នាំ២០២៥ របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ក្នុងកម្មវិធីនេះ និស្សិតអាហារូបករណ៍ អ.ម.ត បានស្វែងយល់ និងពង្រឹង​ចំណេះដឹងពីសិល្បៈវប្បធម៌ជាតិ ទាំងរូបី និងអរូបី ព្រមទាំងបានចូល​រួមផ្សព្វ​ផ្សាយ អភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ ជូនដល់សាធារណជន​បាន​យល់​ដឹងពីទម្រង់សិល្បៈដ៏សម្បូរបែប ក្នុងគោលបំណងរួមគ្នាថែ​រក្សាសម្បត្តិ​វប្ប​ធម៌ជាតិ ឱ្យបានថ្កុំថ្កើនសម្រាប់កូនចៅជំនាន់ក្រោយ។

ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ក៏បានចូលរួមផងដែរ លេង​ល្បែងប្រជាប្រិយផ្សេងៗ និងរាំលេងកម្សាន្ត អបអរសាទរសង្រ្កាន្តឆ្នាំថ្មី​ប្រពៃ​ណី​ជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ពោរពេញដោយភាពរីករាយ និងសាមគ្គីភាព៕