(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានកំណត់យក​វិស័យ​អាទិភាព​ចំនួន៣ ក្នុងការជំរុញលើការវិ​និយោគបន្ថែម។ វិស័យអាទិភាពចំនួន៣នោះរួមមាន វិស័យកសិកម្មកសិ-ឧស្សាហកម្ម និងទេសចរណ៍។

យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការដាក់ឲ្យអនុវត្តន៍ កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨។

យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលបានឲ្យដឹងថា កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨ គឺជាលទ្ធផលនៃការសិក្សាដែលមានការចូលរួមធាតុចូល និងការពិគ្រោះយោបគ្រប់ជ្រុងជ្រោយ ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន ទាំងក្នុងកម្រិតជាតិ និងថ្នាក់ក្រោមជាតិនៃវិស័យសាធារណៈ, ព្រមទាំងភាគីជាច្រើននៃវិស័យឯកជន ក៏ដូចជាប្រជាសហគមន៍។

ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចថា «កម្មវិធីពិសេសនេះ គឺជាឯកសារដ៏មានសារៈសំខាន់ នៅក្នុងការចង្អុលបង្ហាញវិស័យអាទិភាពចំនួន៣រួមមាន៖ គឺកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលស្របតាមទាយជ្ជទាន (ធនធាន) ដែលមានស្រាប់ របស់ខេត្តទាំងបួន ដែលគួរជំរុញការវិនិយោគបន្ថែម ដោយមានការគាំទ្រយ៉ាង ទូលំទូលាយពីរាជរដ្ឋាភិបាល។ កម្មវិធីពិសេសនេះបានគូសបញ្ជាក់យ៉ាងច្បាស់ នូវការលើកទឹកចិត្តដ៏ច្រើនដែលរាជរដ្ឋាភិបាល អាចផ្តល់ជូនវិស័យឯកជន ហើយក៏មានការគិតគូរពីការផ្តល់ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់សមរម្យ, ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជនផងដែរ»

ខេត្តទាំងបួននៅភូមិភាគឦសាន ក្នុងប្រទេសកម្ពុជារួមមាន ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ជាខេត្តមានសក្តានុពល ក្នុងន័យថា ខេត្តទាំងនេះមានកត្តាទាយជ្ជទាន (Factor Endowment) ដែលធ្វើឱ្យមានភាពអំណោយផល ដល់វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។

ដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម យុទ្ធសាស្ត្រក្នុងខេត្តទាំងបួនមានដូចជា កៅស៊ូ ស្វាយចន្ទី ដំឡូងមី ម្រេច ស្វាយ និងចេកអំបូងលឿងជាដើម ដែលសុទ្ធសឹងជាផលិតផលកសិផល មានសក្តានុពលទាំងទីផ្សារនាំចេញ និងទីផ្សារក្នុងស្រុក។ ជាមួយគ្នានេះភាពអំណោយផល នៃសម្បត្តិវប្បធម៌ធម្មជាតិ ដូចជា អាកាសធាតុ ខ្យល់បរិសុទ្ធ ធនធានធម្មជាតិដ៏សម្បូរបែប, ព្រៃឈើ និងដែនជម្រកសត្វព្រៃ ជាដើម។

កត្តាទាំងនេះហើយបានធ្វើឱ្យខេត្តទាំងបួន ក្លាយជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ផងដែរ។ ទោះជាយ៉ាងនេះ, ខេត្តទាំងនេះក៏នៅតែមានបញ្ហាប្រឈម ជារចនាសម្ព័ន្ធមួយចំនួន ដែលតម្រូវរាជរដ្ឋាភិបាលបន្តគិតគូរ និងដោះស្រាយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ដោយផ្អែកលើកត្តាទាយជ្ជទាន៕