(ភ្នំពេញ)៖ លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រសួង​ឧស្សាហកម្ម មានផែនកា​របណ្តុះបណ្តាលយុវជន ដែលមកសហគ្រាសធុនតូច និងមធ្យម(SME)ប្រមាណជិត៤ពាន់នាក់ ដើម្បីជំរុញផលិតភាព របស់SME​ ឱ្យមានគុណភាព និងស្តង់ដារខ្ពស់ និងមានលក្ខណៈប្រកួតប្រជែង សំដៅចាប់យកទីផ្សារក្នុងស្រុក តំបន់ និងសកល។

ថ្លែងប្រាប់អ្នកព័ត៌មាន ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអំពី «ជំនាញសម្រាប់បង្កើនផលិតភាពសហគ្រាស» ដែលបានរៀបចំឡើងនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោក ហេង សុខគង់បានឱ្យដឹងថា ក្នុងចំណោមយុវជនទាំងជាង៣ ៧០០នាក់ ក្នុងនោះយុវជនដែលមានពិការភាពមានប្រមាណជាង២០០នាក់។

លោកបានបញ្ជាក់បន្ថែមថា «ការដែលយើងជំរុញ និង​​លើកកម្ពស់ ការបណ្តុះបណ្តាលយុវជនឱ្យមានជំនាញនេះ ​ក្នុងគោលដៅសំខាន់សម្រាប់ការបង្កើននូវផលិតភាពនៅតាមបណ្តាសហគ្រាសរបស់យើង ជាពិសេសសហគ្រាសធុនតូច និងមធ្យមព្រោះយើងឃើញថា SME បានដើរតួនាទីសំខាន់ណាស់ និងជាខួរឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ មិនថាតែនៅកម្ពុជានោះទេ នៅបណ្តាប្រទេសនានានៅលើពិភពលោកក៏ដូចគ្នាដែរ។​ ដូច្នេះហើយទើប​រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី លោកបានជំរុញឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការខិតខំធ្វើយ៉ាងណាលើកកម្ពស់ផលិតភាពសម្រាប់វិស័យSMEរបស់យើង ជាពិសេសនៅក្នុងដំណាក់កាលនៃការរីកចម្រើនដ៏លឿននៃបច្ចេកវិទ្យា»

ជាមួយគ្នានេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេល៤ឆ្នាំ ចំនួន៧ និងសកម្មភាពគោលចំនួន១៧ ​ព្រមទាំងផែនការសកម្មភាពចំនួន៨៩ ដើម្បីជួយគាំទ្រលើវិស័យ SME និងវិស័យនានាផ្សេងទៀតផងដែរ។

លោកបន្ថែមថា ​ក្នុងការចាប់យកទីផ្សារទាំងនៅក្នុងស្រុក តំបន់ និងសកលលោក គឺការធានាបាននូវផលិតផលដែលមានគុណភាព និងស្តង់ដារ ហេតុដូច្នេះហើយការបណ្តុះបណ្តាលនេះ នឹងផ្តោតជាសំខាន់ទៅលើការចាប់យកស្តង់ដារ មាត្រសាស្រ្ត ដើម្បីជំរុញឱ្យផលិតផលរបស់ពួកគាត់មានសោភណ្ឌ មានគុណភាព និងមានលក្ខណៈប្រកួតប្រជែង។

បើតាម លោក ហេង សុខគង់ គម្រោងបណ្តុះបណ្តាលនេះ ចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៥នេះ ដោយគ្រោងបញ្ចប់នៅខែកុម្ភៈ នៅឆ្នាំ២០២៨។

លោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ ឧស្សាហកម្ម (UNIDO) ដែលបានសហការជាមួយ​ក្រសួងឧស្សាហកម្ម ​ក្នុងការបណ្តុះបណ្តាលយុវជនមកពីសហគ្រាសធុនតូច និងមធ្យម បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលជំនាញ ដើម្បីបង្កើនផលិតភាព គឺជាការវិនិយោគសម្រាប់អនាគតរបស់ សហគ្រាសធុនតូច និង មធ្យម ដែលរីកលូតលាស់ បង្កើតការងារ និងរួមចំណែកក្នុងការ សម្រេចនូវគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ហើយជាការវិនិយោគដើម្បីយុវជនកម្ពុជា ​អាចក្លាយជាអ្នកដឹកនាំ អ្នកច្នៃប្រឌិត និង ជាអ្នកបង្កើតការងារនាពេលអនាគត ហើយក៏ជាការវិនិយោគដើម្បីវិបុលភាពរបស់ប្រទេសជាតិយើងផងដែរ។

លោកបន្ថែមថា «តាមរយៈកិច្ចគាំទ្រ និងបំពាក់បំប៉នជំនាញ និង ចំណេះដឹងដល់សហគ្រាសធុនតូច និង មធ្យម ឱ្យរីកចម្រើនទាំងក្នុង និងក្រៅស្រុក យើងជឿជាក់ថា គំនិតផ្តួចផ្តើមមួយនេះ អាចជាកាតាលីករ សំរាប់ជំរុញបដិវត្តកម្ម សហគ្រាសធុនតូច និង មធ្យម និងអាចជួយឱ្យគេកាន់តែមានភាពប្រកួតប្រជែង ដើម្បីបង្កើតការងារបន្ថែម ព្រមទាំងចូលរួមលើកទឹកចិត្ត ដល់តួអង្គពាក់ព័ន្ធផ្សេងៗ និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល ក៏ដូចជា ដើម្បីរួម ចំណែកដល់ការធ្វើទំនើបកម្មឧស្សាហកម្ម និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន នៅកម្ពុជាផងដែរ»

លោកបានឱ្យដឹងផងដែរថា យោងតាមការវាយតម្លៃ​បឋម​ បានបង្ហាញថា សហគ្រាសធុនតូច និងមធ្យម ប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា លទ្ធភាពទទួលបានហិរញ្ញវត្ថុ កង្វះខាតដើមទុន ចំណេះដឹង និងជំនាញបច្ចេកទេស ទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ ការប្រើប្រាស់ ធនធានប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពក្នុងការបំពេញអនុលោមភាពតាមបទប្បញ្ញត្តិ និងលក្ខខណ្ឌតម្រូវស្តង់ដារ ដែលមានលក្ខណៈប្រទាក់ក្រឡា ការផ្សារភ្ជាប់ទីផ្សារនិងការនាំចេញ ជំនាញទន់ និងអក្ខរកម្មក្នុងចំណោមនិយោជិត ការ គ្រប់គ្រងប្រតិបត្តិការមិនសូវមានប្រសិទ្ធិភាព និង លទ្ធភាពទទួលបានវត្ថុធាតុដើម ដែលមានគុណភាព ប្រកបដោយទំនុកចិត្ត។

លោកបញ្ជាក់ថា កម្មវិធី «SME Skills4Productivity» បង្កើតឡើងនេះ នឹងជួយស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី សុវត្ថិភាពម្ហូបអាហារ ផលិតកម្មស្អាត និង ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ការគ្រប់គ្រងប្រតិបត្តិការ ការការពារ បរិស្ថាន និងសង្គម ព្រមទាំងបរិវត្តកម្មឌីជីថល​៕