×

Message

Page Not Found

(ភ្នំពេញ)៖ សៀវភៅជាភាសាអង់គ្លេសស្តីពីប្រវត្តិសង្ខេបរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្រ្តីទី១ នៃកម្ពុជា «PICH CHANMONY - The Spouse of the 37th Prime Minister of the Kingdom of Cambodia» ត្រូវបានចេញផ្សាយជាផ្លូវការនៅសប្តាហ៍នេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់មិត្តអ្នកអានបរទេស។

លោកបណ្ឌិត ឆាយ សុផល អ្នកនិពន្ធសៀវភៅបានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីមានមិត្តបរទេសទាំងសារព័ត៌មាន មន្រ្តីទូត និងមន្រ្តីអង្គការសង្គមស៊ីវិលអន្តរជាតិជាច្រើន ទាំងនៅក្នុងនិងក្រៅប្រទេស សួររកសៀវភៅជាភាសាអង់គ្លេស ស្តីពីប្រវត្តិរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទើបលោកសម្រេចចិត្តបកប្រែ និងបោះពុម្ពផ្សាយជាភាសាអង់គ្លេសនេះឡើង។

សូមរម្លឹកថា កាលពីខែធ្នូ កន្លងទៅ លោកបណ្ឌិត ឆាយ សុផល បានចេញផ្សាយសៀវភៅជាភាសាខ្មែរដែលមានចំណងជើងថា «ពេជ ចន្ទមុន្នី ភរិយានាយករដ្ឋមន្រ្តីទី៣៧ នៃកម្ពុជា» ដោយបានបង្ហាញពីជីវិតពិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាំងពីកុមារភាព មកដល់បច្ចុប្បន្ន។ សៀវភៅក៏បានរំលេចខ្លះៗពីជីវិតរបស់លោកឪពុក និងអ្នកម្តាយរបស់លោកជំទាវផងដែរ។

សៀវភៅជាភាសាខ្មែរត្រូវបានបោះពុម្ពចំនួន៣ម៉ឺនច្បាប់ ហើយជាភាសាអង់គ្លេសនៅពេលនេះត្រូវបានបោះចំនួនមួយម៉ឺនច្បាប់សម្រាប់មិត្តអ្នកអាន និងនិស្សិតបរទេស។

បើតាមការឱ្យដឹងពីលោកបណ្ឌិត ឆាយ សុផល សៀវភៅជាភាសាអង់គ្លេសនេះនឹងត្រូវយកទៅចែកជូនបណ្ណាល័យសាលា និងសាកលវិទ្យាល័យភាសាបរទេសនានានៅរាជធានីភ្នំពេញ និងមិត្តបរទេសទាំងនៅក្នុងនិងក្រៅប្រទេស៕