(ពោធិ៍សាត់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា សមិទ្ធផលថ្មីៗនៅកម្ពុជា មាន ផ្លូវ ស្ពាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានកើតមានឡើងជាបន្តបន្ទាប់ ដោយសារប្រទេសជាតិមានសុខសន្តិភាព ដែលរកបានមកដោយលំបាកពីអតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ទើបយើងមានឱកាសកសាងសមិទ្ធទាំងនេះ ដូចនេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងបន្តទៀត។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកអញ្ជើញជាអធិបតី ចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់រថយន្តធុនតូច។ ពិធីនេះក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសាធារណការ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមានតំណាងក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «យើងអាចធ្វើការកសាងផ្លូវ ស្ពាន បានដោយសារប្រទេសមានសុខសន្តិភាព បើគ្មានសុខសន្តិភាពយើងគ្មានឱកាសដើម្បីមកកសាងផ្លូវ ស្ពាន ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបាននោះទេ ដូចនេះយើងទាំងអស់គ្នាថ្ងៃនេះសូមដឹងគុណទៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសុខសន្តិភាពពេញលេញដល់កម្ពុជា និងបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពកសាង ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យ និងសមិទ្ធផលជាច្រើនទៀត»។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា តាមរយៈកត្តាសុខសន្តិភាពនេះ បានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលអាចទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកលេងនៅក្នុងប្រទេសកម្ពុជានិងបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលរកទីផ្សារ ដើម្បីនាំកសិផលទៅលក់នៅបរទេស ដើម្បីបង្កើនចំនូលដល់ប្រជាពលរដ្ឋ និងជួយឱ្យពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរឡើង ដែលនេះហើយគឺជាកត្តាសុខសន្តិភាព ដែលយើងទាំងអស់គ្នាគួរតែដឹងគុណ ទៅលើគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឱ្យដឹងទៀតថា ដោយសារកត្តាសុខសន្តិភាពនេះហើយ ទើបធ្វើឱ្យប្រទេសជាតិយើងរីកចម្រើនមកដល់សព្វថ្ងៃនេះ ដូចនេះហើយយើងត្រូវចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីឱ្យរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដឹកនាំ កសាងប្រទេសជាតិមាតុភូមិរបស់យើង ឱ្យបានរីកចម្រើន និងរុងរឿងបន្តទៀត។
គួរបញ្ជាក់ដែរថា ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ការអនុញ្ញតនេះគឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តឱ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែកចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល៕