(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានរួមចំណែក ៥៨% នៃផលិតផលក្នុងស្រុកសរុប ហើយដើរតួជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ។
ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងនាឱកាសដែលលោកអញ្ជើញជាអធិបតីភាពកម្មវិធីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិលដៅការងារឆ្នាំ២០២៥ របស់ FASMEC នៅមជ្ឈមណ្ឌលសាលសន្និបាត និងពិពរណ៌កោះពេជ្រ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។កម្មវិធីមហាសន្និបាតនេះ ទទួលបានការគាំទ្រដោយ សហគ្រិនខ្មែរ (KE) និងដៃគូឧបត្ថម្ភ ដូចជាក្រុមហ៊ុន Cambodian SME trading, SCE, MKC, Honda, ANT, Bridge Bank, Vattanac Brewery និង FASMEC microfinance ជាអាទិ៍។ ពិធីនេះ ក៏មានអ្នកចូលរួមពីសំណាក់បណ្ដាក្រសួងពាក់ព័ន្ធងនានា ជាពិសេសម្ចាស់សហគ្រាសដែលជា SME មកពីបណ្ដាខេត្តរាជធានីទាំង២៥ ចំនួនប្រមាណ ៥០០នាក់ និងការដាក់តាំងបង្ហាញផលិតផលរបស់ SME ជាង១០០មុខផងដែរ។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ បានមានប្រសាសន៍ថា គោលបំណងនៃការធ្វើកម្មវិធីមហាសន្និបាត គឺដើម្បីអបអរសាទរសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងបង្ហាញចំណុចសំខាន់ៗ និងភាពជោគជ័យក្នុងការជំរុញភាពរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសការលើកផែនការ និងទិសដៅសម្រាប់ឆ្នាំ២០២៥ បង្ហាញឱ្យឃើញនូវគោលដៅ គំនិតផ្តួចផ្តើម និងគោលបំណងអាទិភាពក្នុងការជំរុញនវានុវត្តន៍ ផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុកនិងអន្តរជាតិ ព្រមទាំងជំរុញទៅលើការអភិវឌ្ឍដោយចីរភាពដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ទន្ទឹមនឹងនេះ លោលឧកញ៉ាបានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំ (២០២៤) FASMEC បានធ្វើការរៀបចំសិក្ខាសាលាពីការរៀបចំអាជីវកម្មក្រោយវិបត្តិកូវីដ១៩, ការចែករំលែក និងផ្សព្វផ្សាយពីការបង្កើតក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយសម្រាប់វិស័យឯកជន, ពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធបង្កើតផែនការសកម្មភាពសម្រាប់ដំណាក់ទី៣, ការចាប់ផ្តើមអនុវត្តគម្រោង គ្រប់គ្រងហានិភ័យគ្រោះមហន្តរាយទូទាំង២៥រាជធានី-ខេត្ត និងតាមស្រុក-ឃុំ-ភូមិ (សមាសភាពចូលរួម មានមន្ត្រីនគរបាល,អភិបាលស្រុក,ប្រធានភូមិ..) រួមជាមួយកម្មវិធីជាច្រើនផ្សេងទៀត ដែលមានម្ចាស់សហគ្រាសធុនតូច និងមធ្យមប្រមាណ ៥៣៣៧នាក់ ដោយមានការចូលរួមឧបត្ថម្ភថវិកា និងគាំទ្រពី ដៃគូជាច្រើនរួមមាន សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
កន្លងមក សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្កើតកម្មវិធីមហាសន្និបាត និងសហការរៀបចំ កម្មវិធីពិសាអាហារសាមគ្គី (SME Day) (ដែលបានរៀបចំឡើងចំនួន៥ដងរួចមកហើយ) ដែលធ្វើឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរម៉ួត រវាងវិស័យរាជរដ្ឋាភិបាល ជាមួយវិស័យឯកជនទូទាំងប្រទេសកម្ពុជា ដែលសកម្មភាពធំៗទាំងនេះ មានការចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, គណៈរដ្ឋមន្រ្តី និងអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ ឧកញ៉ា តែ តាំងប៉។
លោកឧកញ៉ាបានបន្តថា យោងតាមសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២៤ និងទិសដៅការងារថ្មីក្នុងឆ្នាំ២០២៥ FASMEC នឹងរៀបចំការងារពង្រឹងលើផ្នែកឌីជីថលដល់សហគ្រាសធុនតូច និងមធ្យម ទូទាំងរាជធានីខេត្ត ដែលស្របនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសតាមបណ្តារាជធានី -ខេត្ត។
លើសពីនេះ FASMEC នឹងបន្តរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជូនដល់សហគ្រាសធុនតូច និងមធ្យម បន្ថែមទៀតទូទាំង២៥រាជធានី/ខេត្ត លើសពីនេះទៀត FASMEC នឹងរៀបចំផែនការធ្វើទីផ្សារ រៀបចំពិពរណ៌នានា ជំរុញការគាំទ្រផលិតផលក្នុងស្រុកកាន់តែទូលំទូលាយ និងទទួលបានឳកាសវិនិយោគក្នុងនិងក្រៅប្រទេស។ កម្មវិធីចុះអនុស្សណៈនៃការយោគយល់គ្នាជាមួយ ក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ ស្តីពី «ការជំរុញការចាប់យកឌីជីថល ធុរកិច្ចនៅកម្ពុជា»។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានប្រមាណ ៩៨% នៃឱនភាពសេដ្ឋកិច្ចទាំងអស់ ដែលផ្ដល់ការងារប្រមាណ ៧០% នៃកម្លាំងពលកម្មសរុប ហើយរួមចំណែក ៥៨% នៃផលិតផលក្នុងស្រុកសរុប បានដើរតួជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ ហើយកំពុងប្រើប្រាស់សក្ដានុពល ធនធានពលកម្ម និងវត្ថុធាតុដើមក្នុងស្រុកជាចម្បង ព្រមទាំងទទួលយកការប្រែប្រួលនៃបច្ចេកវិទ្យាថ្មីៗផងដែរ ក្នុងដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចសង្គម។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានណែនាំដល់សហគ្រាសធុនតូច និងមធ្យមណាដែលមិនទាន់បានចុះបញ្ជី ឱ្យរួសរាន់ចុះបញ្ជីតាមរយៈថ្នាលឌីជីថលដែលក្រសួង មន្ទីរបានធ្វើការផ្សព្វផ្សាយកន្លងមក ដ្បិតនេះជាសម័យឌីជីថល ហើយរដ្ឋាភិបាលបានផ្លាស់ប្ដូររបថសង្គមបែបបុរាណទៅជាទំនើប ដូច្នេះអាជីវករទាំងអស់ត្រូវតែចូលរួមទាំងអស់គ្នា។ លោកបានថ្លែងយ៉ាងដូច្នេះថា «រដ្ឋាភិបាលបានសម្រួលដល់បងប្អូនសហគ្រាសធុនតូច និងមធ្យមហើយ ដោយប្រែក្លាយពីការចុះបញ្ជីតាមរយៈក្រដាស ទៅជាការចុះបញ្ជីតាមរយៈប្រព័ន្ធឌីជីថល ដែលជួយសម្រួលការចំណាយរបស់បងប្អូនដោយមិនបាច់ជួលភាគីផ្សេងទៀតមកជួយរៀបចំឯកសារចុះបញ្ជីនោះទេ»។
មុននឹងបញ្ចប់ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានផ្ដល់នូវអនុសាសន៍៧ចំណុចបន្ថែមទៅកាន់ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដើម្បីចូលរួមចំណែកអភិវឌ្ឍ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសត្រូវពង្រឹងបន្ថែមលើចំណេះដឹងផ្នែកបច្ចេកវិទ្យា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧៕