(ពោធិ៍សាត់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល​នឹងនៅតែបន្តកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទាំងតូច ទាំងធំ ទាំងគម្រោងយក្ស គឺធ្វើទាំងអស់ ដើម្បីបំពេញតម្រួវការប្រើប្រាស់ផ្លូវ ការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អត់មានឈប់នោះទេ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកអញ្ជើញជាអធិបតី ចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់រថយន្តធុនតូច។ ពិធីនេះក៏មានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសាធារណការ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមានតំណាងក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «កម្ពុជានឹងបន្តកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទាំងតូច ទាំងធំ គម្រោងយក្ស ទាំងតូច ទាំងធំ ធ្វើទាំងអស់ ដើម្បីតម្រួវការប្រើប្រាស់ផ្លូវ ដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង គឺអត់មានឈប់នោះទេ»

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាអតិភាពមួយ ក្នុងចំណោមអតិភាពទាំង៥ របស់រាជរដ្ឋាភិបាល មាន ផ្លូវ ភ្លើង ទឹក ធន់ធានមនុស្ស និងប្រព័ន្ធឌីជីថល ហើយការកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធនេះ នៅតែជាអតិភាពមួយខ្ពស់ ដែលយើងត្រូវតែបន្តធ្វើ ព្រោះដោយសារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អនេះហើយ ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា​មានការរីកចម្រើន​លូតលាស់ជាបន្តបន្ទាប់។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ដោយសារយើងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អនេះហើយ ទើបធ្វេីឱ្យអាយុសង្ឃឹមរស់របស់ប្រជាពលរដ្ឋខ្មែរ មានការកើនឡើងពី ៥៦ឆ្នាំ ពីឆ្នាំ១៩៩៨ មកដល់ឆ្នាំ២០២០ កេីនឡើងដល់ ៧០ឆ្នាំ ជាមធ្យម ដោយសារយើងមានប្រព័ន្ធផ្លូវថ្នល់ ស្ពាន បានតភ្ជាប់ទៅដល់មន្ទីពេទ្យ ធ្វើឱ្យប្រជាពលរដ្ឋ មានជំងឺអាចទៅរកពេទ្យ បានទាន់ពេលវេលាផងដែរ៕