(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៥០ (IPU-150) និងកិច្ចប្រជុំពាក់ព័ន្ធ នាសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី តាន់ស៊ីឡា ណូប៊ែវ៉ា ប្រធានព្រឹទ្ធសភា នៃប្រទេសអ៊ូសបេសគីស្ថាន។
នៅក្នុងឱកាសជំនួបនេះ លោក អ៊ុច បូររិទ្ធ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ជូនចំពោះលោកស្រី តាន់ស៊ីឡា ណូប៊ែវ៉ា ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភាកម្ពុជា។
ភាគីទាំងពីរបានរំឮកអំពីមិត្តភាពទ្វេភាគីយូរអង្វែង រវាងកម្ពុជានិងអ៊ូសបេគីស្ថាន និងបានពិភាក្សាស៊ីជម្រៅក្នុងគោលដៅពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ រួមទាំងក្នុងក្របខ័ណ្ឌសភា និងរដ្ឋាភិបាល។ ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការបង្កើតឱ្យមានក្រុមមិត្តភាពសភា និងការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំសភា និងគណៈប្រតិភូសភា។
ភាគី ទាំងពីរបានឯកបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងរិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលដទៃទៀត រួមមានពាណិជ្ជកម្ម វិនិយោគ កសិកម្ម ទេសចរណ៍ អប់រំ និងកិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ។
ជាទីបញ្ចប់នៃជំនួប តាមរយៈលោកអនុប្រធានទី១ លោកស្រី តាន់ស៊ីឡា ណូប៊ែវ៉ា ប្រធានព្រឹទ្ធសភាអ៊ូសបេសគីស្ថាន គោរពស្នើអញ្ជើញ សម្តេចតេជោ ប្រធានព្រឹទ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅអ៊ូសបេសគីស្ថាន តាមពេលវេលាសមស្រប។ តាងនាម សម្តេចតេជោ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះការអញ្ជើញនេះ និងបានស្នើអញ្ជើ្លញលោកស្រីប្រធាន ព្រឹទ្ធសភាមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។
នៅបន្ទាប់ពីជំនួបខាងលើនេះ នារសៀលថ្ងៃដដែល លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកមហាសន្និបាតសហភាពអន្តរសភាលើកទី១៥០ (IPU-150) ក្រោមមូលបទ «សកម្មភាពសភាដើម្បីការអភិវឌ្ឍសង្គម និងយុត្តិធម៌ (Parliamentary action for social development and justice)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ្សាវកាត មៀហ្សីយ៉ូយ៉េវ (Shavkat Mirziyoyev) ប្រធានាធិបតី សាធារណរដ្ឋអ៊ូបេគីស្ថាន៕