(សៀមរាប)៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងរយៈពេល១ឆ្នាំ បន្ទាប់ពីបានទទួលតំណែងជាស្នងការនគរបាលខេត្តសៀមរាប, លោកបានដាក់វិធានការយ៉ាងតឹងរ៉ឹងទៅកម្លាំងជំនាញ និងអធិការក្រុងស្រុកទាំង១៣ ឱ្យត្រួតពិនិត្យសម្ភារដែលមិនប្រក្រតីបំពាក់នៅលើមធ្យោបាយធ្វើដំណើរទាំងម៉ូតូ រថយន្ត និងPassApp ជាដើម ហើយបានប្រមូលដកហូត យកមករក្សាទុក និងបានរៀបចំពិធីកម្ទេចចោលជាច្រើនគ្រឿង។
នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ស្នងការ នៅក្នុងពិធីកិនកម្ទេចចោលសម្ភារដែលដកហូតទាំងនោះ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបផងដែរ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ថា «រយៈពេល១ឆ្នាំ ដែលខ្ញុំបាទបានឡើងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ខ្ញុំបាទបានដាក់វិធានការយ៉ាងតឹងរ៉ឹងទៅកម្លាំងជំនាញ និងអធិការក្រុង-ស្រុកទាំង១៣ ឱ្យធ្វើការត្រួតពិនិត្យទៅលើបំពងសុីមាំង, ភ្លើងរថយន្ត, ចង្កៀងមុខ-ក្រោយ, ភ្លើងមូល និងអំពូលភ្លើងដែលបំពាក់នៅលើមធ្យោបាយធ្វើដំណើរ (ម៉ូតូ, រថយន្ត, PassApp…) ដែលមិនប្រក្រតី ក្នុងនោះយើងបានប្រមូលដកហូតយកមកនឹងរក្សាទុក និងបានរៀបចំពិធីកម្ទេចចោល»។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឱ្យដឹងថា សម្ភារដែលដកហូតបានរួមមាន៖ បំពងស៊ីមាំងចំនួន៣០០, ភ្លើងរថយន្តចំនួន២៥, ចង្កៀងមុខ-ក្រោយចំនួន៩, ភ្លើងមូលចំនួន១២ និងអំពូលភ្លើងចំនួន១០៣។