(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» និងបិទមហោស្រពសិល្បៈ ដណ្តាំស្លម្ហូបអាហារខ្មែរថ្នាក់ខេត្ត លើកទី៤ នៅលើបុរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិសំពៅមាស សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួមជិត៥០០នាក់។

លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ មន្ទីរបានរៀបចំផ្សព្វផ្សាយទិវាវប្បធម៌ជាតិ ៣មីនា ក្នុងនោះក៏បានបញ្ចូលនូវកម្មវិធីជាច្រើន ដូចជាមហោស្រពបង្ហើរខ្លែងឯកខ្មែរ, មហោស្រពសិល្បៈយុវជន, មហោស្រពចាប៉ីដងវែងនិងមហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារខ្មែរ ទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ។ ចំពោះមហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារខ្មែរបានទៅចូលរួមកម្មវិធីថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ២០១៥ បានចំនួន៧លើក ទទួលបានចំណាត់ថ្នាក់លេខ១ ស្ទើរាល់ឆ្នាំ ក្នុងនោះម្ហូបប្រចាំតំបន់ ដែលបានចូលរួមប្រគួតនាឆ្នាំនីមួយៗ រួមមានឈ្មោះថា «ទឹកគ្រឿងអន្លក់ខ្ចីលើផ្ទៃទន្លេ, សម្លម្ជូរគ្រឿងខ្ទឹះខ្មែរ, បង្អែមចេកខ្ទឹះ, សម្លម្ជូរដើមចេកប្រឡែងមច្ឆា, បង្អែមផ្លែអាយ, សម្លកកូរផ្លែត្នោត, នំបញ្ចុកសម្លរប្រហើរខ្មែរ និងបង្អែមឬនំខ្មែរធ្វើអំពីត្នោត»។ ក្នុងឆ្នាំ២០២៥នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានរៀបចំមហោស្រពសិល្បៈ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ និងដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៨ ដែលនឹងឈានចូលមកដល់ពេលខាងមុខនេះ និងបានរៀបចំកម្មវិធីមហោស្រពសិល្បៈដណ្តាំស្លម្ហូបខ្មែរថ្នាក់ខេត្ត លើកទី៤ ដែលមានបេក្ខជនមកពីបណ្តាស្រុក ក្រុង និងវិស័យឯកជនចំនួន៩ស្តង់។

លោកប្រធានមន្ទីរបន្តថា វិញ្ញាសារម្ហូបលើប្រធានបទ «សម្លប្រហើរខ្មែរ និងនំកន្តំខ្មែរ» ដោយផ្តោតសំខាន់ក្នុងការដាក់ពិន្ទុក ទៅលើមុខម្ហូបអាហារ និងបង្អែម គណៈកម្មការពិនិត្យទៅលើ ៣ចំណុចសំខាន់ គឺ១-អនាម័យ, ២-រសជាតិ និង៣-សោភណ្ឌភាព នៃការតុបតែងលម្អ និងបានវាយតម្លៃដាក់ពិន្ទុ ដោយឈរលើភាពសុក្រឹត្យ យុត្តិធម៌ ទៅតាមលក្ខណៈវិនិច្ឆ័យឃើញថា៖ វិញ្ញាសារម្ហូប ចំណាត់ថ្នាក់លេខ១ ហាងម្លប់សន្តិភាព «សម្លប្រហើរខ្មែរថែវប្បធម៌ជាតិ», លេខ២ ស្រុកវាលវែង «មច្ឆាប្រលោមស្នេហ៍ប្រហើរខ្មែរថែជាតិ», លេខ៣ សាលារៀនសុវណ្ណភូមិ «សម្លប្រហើរខ្មែរថែសុវណ្ណភូមិ» និងវិញ្ញាសារ នំកន្តំ លេខ១ស្រុកបាកាន «នំកន្តំខ្មែរថែវប្បធមដូនតា», លេខ២ ក្រុងពោធិ៍សាត់ «កន្តំនំខ្មែរមរតកដូនតា» និងលេខ៣ ស្រុកកណ្តៀង «កន្តំនំខ្មែរថែវប្បធម៌ជាតិ»

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងថា ទិវាវប្បធម៌ជាតិ ៣មីនា ខួបលើកទី២៧ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងមហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារខ្មែរថ្នាក់ខេត្ត លើកទី៤ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រឹទ្ធាចារ្យសិល្បៈ សាស្ត្រាចារ្យ សិល្បករ សិល្បការិនី សិស្ស និស្សិត ដែលតែងតែចូលរួមគាំទ្រដល់កិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ។ ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ចាប់តាំងពីឆ្នាំ២០១៥ រហូតមកទល់ពេលនេះ ដើម្បីធ្វើជារបៀបវីរៈ នៃការរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧​ ឆ្នាំ២០២៥​ ក្នុងគោលបំណងជំរុញឱ្យប្រជាជន មហាជនទូទៅ ជាពិសេសយុវជនដែលជាសសរស្តម្ភរបស់ជាតិ និងជាអ្នកបន្តវេន បានចូលរួមក្នុងបំណងដើម្បីបង្កើនការស្រឡាញ់ និងការទទួលយកនូវចំណេះ សំដៅលើកកម្ពស់ការអភិរក្ស បំផុសស្មារតីចូលរួមក្នុងការផ្ទេរជំនាញបច្ចេកទេសសិល្បៈវប្បធម៌ និងការអភិវឌ្ឍវប្បធម៌ជាតិ ដែលជាមូលដ្ឋាន នៃសាមគ្គីភាព និងភាពសុខសាន្តរបស់សង្គមជាតិ។

លោកបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជា ឱ្យបានស្ថិតស្ថេរ គង់វង្ស ឯកភាពជាតិ សុខដុមរមនា លើកកម្ពស់ការយល់ដឹងកាន់តែច្បាស់ អំពីតម្លៃមហាសាល នៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួត ប្រកបដោយសក្តានុពលខ្ពស់ ក្នុងការរួមចំណែកតាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីឱ្យយុវជនមានស្មារតីចូលរួមក្នុងការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ កាន់តែសកម្មថែមទៀត។

លោកអភិបាលខេត្តបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ តែងតែគាំទ្រ លើកទឹកចិត្ត និងបានផ្តល់អាទិភាពខ្ពស់ ដោយចាត់ទុកថាវប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សារសង្គម ឱ្យចេះរួមរស់ជាមួយគ្នា ប្រកបដោយភាពសុខដុមរមនា និងគ្មានការរើសអើង។ យើងទាំងអស់គ្នាបានដឹងហើយថា កម្ពុជាជាប្រទេសមួយដែលសម្បូណ៍ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ ទាំងរូបី និងអរូបី ដែលបុព្វបុរសរបស់យើងបានកសាង និងបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ។

តាមរយៈនេះឯកឧត្តម បានផ្តល់ជាមតិចំនួន៧ចំណុច៖ ទី១-មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបង្កើនកិច្ចសហការជាមួយមន្ទីរពាក់ព័ន្ធបង្កើតស្នាដៃថ្មីៗ, ទី២-ជំរុញឱ្យយុវជនផ្តោតពង្រឹងគុណភាព តម្លៃវប្បធម៌, ទី៣-ជំរុញការផលិត ការឆ្នៃប្រឌិតសិល្បៈឱ្យមានភាពទាក់ទាញ, ទី៤-សិក្សាស្រាវជ្រាវ បោះពុម្ពផ្សាយ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា, ទី៥-ចូលរួមថែរក្សាការពារបេតិកភណ្ឌ សារពើភណ្ឌទាំងរូបី និងអរូបី ឱ្យបានល្អជៀសវាការរំលោភបំពាន, ទី៦-មន្ទីរវប្បធម៌ ត្រូវសហការជាមួយមន្ទីរទេសចរណ៍ ដើម្បីផ្សព្វផ្សាយទេសចរណ៍វប្បធម៌ជាតិ សម្រាប់ភ្ញៀវជាតិ អន្តរជាតិ និងទី៧-បំផុសទិវានេះជារៀងរាល់ឆ្នាំ និងឱ្យបានអធិកអធមទូលំទូលាយ ហើយទាំងអស់នេះ គឺជាចក្ខុវិស័យសម្រាប់ការអនុវត្ត ឱ្យបានជោគជ័យសម្រាប់បុណ្យទន្លេ លើកទី១០ ដែលខេត្តពោធិ៍សាត់នឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៦ខាងមុខ។

ក្នុងឱកាសនោះ ក៏មានការសម្តែងរបាំជូនពរ, របាំខ្លែងឯក, ការរាំចង្វាក់ខ្មែរ របស់កូនក្មួយសិស្សានុសិស្ស មកពីសាលាបឋមសិក្សាពោធិ៍សាត់ និងសាលារៀនសុវណ្ណភូមិ ទីតាំងខេត្តពោធិ៍សាត់, ការសម្តែងសិល្បៈ របស់បងប្អូនជនជាតិជង និងជនជាតិព័រ ជូនគណៈអធិបតី និងភ្ញៀវកិត្តិយសទស្សនាផងដែរ៕