(ភ្នំពេញ)៖ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា និងឥណ្ឌា គួរតែគិតគូរក្នុងការជំរុញការដោះដូរពាណិជ្ជកម្មបន្ថែម ខណៈបច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ ពោលគឺមានទំហំប្រមាណជាង ៣០០លានដុល្លារប៉ុណ្ណោះ។

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី​ «ជំនួបធុរកិច្ចរវាងអ្នកទិញ និងអ្នកលក់ក្នុងវិស័យវាយនភណ្ឌ ឆ្នាំ២០២៥» នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដែលបានរៀបចំឡើងដោយ សហព័ន្ធឧស្សាហកម្មឥណ្ឌារដ្ឋតាមិល ណាឌូ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងគោលបំណងចែករំលែក និងផ្សព្វផ្សាយអំពីភាពរីកចម្រើននៃវិស័យវាយនភណ្ឌ ដែលជាវិស័យលេចធ្លោនិងអាទិភាព នៃរដ្ឋតាមិល ណាឌូ ប្រទេសឥណ្ឌា ជាពិសេសផលិតកម្មអំបោះ និងក្រណាត់ ក៏ដូចជាស្វែងយល់ និងស្វែងរកឱកាសចាប់ដៃគូវិនិយោគ ក្នុងវិស័យវាយនភណ្ឌជាមួយធុរជនកម្ពុជាផងដែរ។​ ​

លោកបានថ្លែងថា ក្នុងការធ្វើពាណិជ្ជកម្ម ប្រទេសទាំងពីរនៅមានសក្តានុពលច្រើនទៀត ក្នុងការបង្កើនការដោះដូរទំនិញជាមួយគ្នា ជាពិសេសវិស័យវាយនភណ្ឌ ដែលជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា។

លោកលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរជនឥណ្ឌា ១១ក្រុមហ៊ុននៃសហព័ន្ធឧស្សាហកម្មឥណ្ឌារដ្ឋ តាមិល ណាឌូ ​ដែលសុទ្ធសឹងជាអ្នកជួញដូរក្នុងវិស័យវាយនភណ្ឌប្រកបដោយសក្ដានុពល នឹងក្លាយជាផ្នែកមួយក្នុងការពង្រីកការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរបន្ថែមទៀត។

លោកបន្ថែមថា «យើងចង់នាំទំនាក់ទំនងនេះទៅមុខ។ ខ្ញុំសង្ឃឹមថា ពួកយើងនឹងមានការផ្លាស់ប្តូរដ៏មានផ្លែផ្កាមួយ»។ ​

​លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា ជំនួបអ្នកលក់-អ្នកទិញផ្នែកវាយនភណ្ឌដែលបានរៀបចំឡើង នាឱកាសនេះ នឹងជួយតភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់-អ្នកទិញ ផ្នែកវាយនភណ្ឌកម្ពុជា និងឥណ្ឌា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងឥណ្ឌាឱ្យកាន់តែប្រសើរឡើងថែមទៀត។​

បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ កាលពីឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌា សម្រេចបាន៣៤៥.០៥ លានដុល្លារអាមេរិក ថយចុះ២៨.៩៦ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រេចបាន ១៥៤.៣២លានដុល្លារអាមេរិក ថយចុះ៤៧.៤៣% និងនាំចូលមកវិញនូវទឹកប្រាក់ ១៩០.៧២លានដុល្លារ ថយចុះ ០.៩៩% ។ មុខទំនិញសំខាន់ៗ ដែលកម្ពុជា បាននាំចេញទៅកាន់ប្រទេសឥណ្ឌា រួមមាន សម្លៀកបំពាក់ ស្បែកជើង គ្រឿងអេឡិចត្រូនិក និងភាគបំណែកបន្ទះសូឡា ​ស្វាយចន្ទី សម្ភារធ្វើដំណើរ និងកាបូប និងវាយនភណ្ឌជាដើម។

ក្នុងឱកាសនោះដែរ លោក Albert Tan អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ​បានប្រាប់ពីសក្តានុពលនៃការវិនិយោគ និងធ្វើពាណិជ្ជកម្មក្នុងវិស័យវាយភណ្ឌនៅកម្ពុជា ដល់គណៈប្រតិភូធុរជនឥណ្ឌា ​នៃសហព័ន្ធឧស្សាហកម្មឥណ្ឌារដ្ឋ តាមិល ណាឌូផងដែរ។ ក្នុងនោះ លោកបានលើកឡើងថា បច្ចុប្បន្ន វិស័យកាត់ដេររបស់កម្ពុជា​បាននាំចូលវត្ថុធាតុដើមមួយចំណែកធំពីប្រទេសចិន​ ​​មួយចំណែកទៀតពីប្រទេសវៀតណាម ​ព្រមទាំងពីប្រទេសផ្សេងៗទៀត​៕